ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន១២ ដែលជាប់ក្នុង«បញ្ជីប្រផេះ» នៃការឃ្លាំមើលការលាងប្រាក់កខ្វក់ របស់«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅជាភាសា អង់គ្លេស “Financial Action Task Force – FATF” និងជាភាសាបារាំង “Groupe d’action financière – GAFI”)» ដែលជាស្ថាប័នអន្តរ-រដ្ឋាភិបាល មានទីស្នាក់ការកណ្ដាល ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។
«បញ្ជីប្រផេះ» របស់ស្ថាប័នខាងលើនេះ មានលក្ខណៈជាការប្រកាសសញ្ញាមួយ ទៅដល់រដ្ឋដែលជាប់ឈ្មោះនៅក្នុងបញ្ជី ថាខ្លួនអាចធ្លាក់ចូល ទៅក្នុងបញ្ជីខ្មៅ ឬទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ប្រសិនណាជារដ្ឋទាំងនោះ មិនដោះស្រាយបញ្ហា ដែលស្ថាប័នពិភពលោកមួយនេះ ទទូចឲ្យធ្វើទេនោះ។
របាយការណ៍របស់ «FATF ឬ GAFI» ដែលចេញផ្សាយក្នុងថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ប្រទេសកម្ពុជាត្រូវបំពេញកាតព្វកិច្ច ចំនួន១០ចំណុច ដើម្បីបង្ហាញចេញជាលទ្ធផល ពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការទប់ស្កាត់-ប្រឆាំង នឹងការលាងប្រាក់កខ្វក់ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ កាស៊ីណូ និងដែលបានមក ពីឧក្រិដ្ឋកម្មផ្សេងទៀត។
ក្នុងខែតុលា ឆ្នាំកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយ «ABC» របស់ប្រទេសអូស្ត្រាលី បានចេញរបាយការណ៍បង្ហាញថា ក្រុមគ្រួសារត្រកូលហ៊ុន មានទ្រព្យសម្បត្តិ ជាច្រើនលានដុល្លារ និងផ្ទះសម្បែងដ៏ស្កឹមស្កៃ នៅក្នុងសង្កាត់ដ៏ប្រណិតៗ នៅលើកោះអូស្ត្រាលី។ ការគាស់បង្ហាញនោះ បានធ្វើឲ្យសំនួរជាច្រើនផ្ទុះឡើង ដើម្បីចោទសួរពីប្រភពចំណូល នៃទ្រព្យសម្បត្តិទាំងនោះ ខណៈសមាជិកខ្លះនៃត្រកូល ហ៊ុន មានប្រាក់បៀវត្សន៍ប្រចាំខែ ប្រមាណតែ ១០០០ដុល្លារ ឬច្រើនជាងនេះតិចតួចប៉ុណ្ណោះ។
ប៉ុន្តែនៅមានបណ្ដាញទូរទស្សន៍ «Al Jazeera» មួយទៀត ក៏បានអង្កេតរកឃើញ ក្នុងដើមខែកក្កដា ពីការបង្វិល និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ក្នុងកម្រិតរាប់សិបលានដុល្លារផ្សេងទៀតដែរ។ បណ្ដាញទូរទស្សន៍ បានបង្ហាញភស្ដុតាងថា ការបង្វិលនិងការផ្ទេរប្រាក់នោះ ទំនងជាមានជាប់ទាក់ទង នឹងលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។
«FATF ឬ GAFI» បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួន (ចេញផ្សាយថ្ងៃនេះ) ថាខ្លួនបានរកឃើញ ពីករណីសង្ស័យជាច្រើន ដែលបានកើតមាន នៅក្នុងប្រទេសកម្ពុជា តែផ្ទុយទៅវិញ មិនមានករណីណាមួយ ត្រូវបានអាជ្ញាធរស៊ើបអង្កេត ពីបទលាងប្រាក់កខ្វក់នោះឡើយ ខណៈប្រព័ន្ធយុត្តិធម៌ របស់ប្រទេសនេះ ត្រូវបានគ្របដណ្ដប់ ដោយ«អំពើពុករលួយយ៉ាងធ្ងន់ធ្ងរ»។
ការជាប់ក្នុង«បញ្ជីប្រផេះ» នឹងជះផលអាក្រក់ សម្រាប់ប្រទេសកម្ពុជា ទាក់ទងនឹងប្រព័ន្ធផ្ទេរប្រាក់ ការធ្វើវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ មន្ត្រីមួយរូបរបស់ស្ថាប័ន «FATF ឬ GAFI» ត្រូវបានស្រង់សំដីដោយទីភ្នាក់ងារ «Reuters» មកបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាស ឬបណ្ដាជនទាំងឡាយ នៅក្នុងប្រទេសកម្ពុជា នឹងមានភាពពិបាក ក្នុងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ បើសិនជាមានចំណាត់ការ ពីស្ថាប័នមួយនេះ។
ទីភ្នាក់ងារ «Reuters» បានស្រង់សំដី លោក «Marshall Billingslea» ប្រធានស្ថាប័នពិភពលោកខាងលើ មកបញ្ជាក់ដែរថា ប្រទេសកម្ពុជានៅមានកង្វះខាត ដ៏សំខាន់ជាច្រើន ផ្នែកប្រយុទ្ធប្រឆាំង នឹងការលាងប្រាក់កខ្វក់។ ប៉ុន្តែលោក «Marshall Billingslea» បានគូសបញ្ជាក់ថា ប្រទេសនេះបាន «ប្ដេជ្ញាចិត្តដ៏ខ្ពស់ ផ្នែកនយោបាយ» ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិកម្មជុំវិញករណីនេះ បាននៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុកម្ពុជា បានបដិសេធការធ្វើអត្ថាធិប្បាយ ជាមួយទីភ្នាក់ងារ «Reuters» ដោយរុញអ្នកសារព័ត៌មាន ឲ្យទៅសាកសួរខាងធនាគារជាតិវិញ។
នៅក្នុងបញ្ជីខ្មៅរបស់ «FATF ឬ GAFI» មានប្រទេសចំនួនពីរ៖ កូរ៉េខាងជើង និងអៀរ៉ង់។ ប៉ុន្តែប្រទេសអៀរ៉ង់ នៅមិនទាន់ជាប់ក្នុងបញ្ជីខ្មៅនេះ ជាស្ថាពរនៅឡើយ ដោយ «FATF ឬ GAFI» ទុកពេលឲ្យប្រទេសនេះ រហូតដល់ខែមិថុនាខាងមុខ។ ប្រទេសប៉ាគីស្ដង់ ក៏ត្រូវបានអង្គការដដែលនេះ ដាក់ឱសានវាទដូចគ្នាដែរ ដើម្បីឲ្យប្រទេសនេះសម្រេចចេញជាលទ្ធផល នូវការប្ដេជ្ញាចិត្តរបស់ខ្លួន។
សូមជម្រាបជូនថា «អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ» ត្រូវបានបង្កើតឡើងដំបូង ដោយក្រុមប្រទេស «G7» ក្នុងឆ្នាំ១៩៨៩ ដើម្បីបម្រើទិសដៅ ឲ្យដល់ការប្រយុទ្ធប្រឆាំងការលាងប្រាក់កខ្វក់ និងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ សម្រាប់បណ្ដាញភេរវនិយមអន្តរជាតិ។
មកដល់ថ្ងៃនេះ «FATF ឬ GAFI» មានសមាជិកជាប្រទេស និងស្ថាប័នអន្តរជាតិ (ដូចយ៉ាងសហភាពអ៊ឺរ៉ុបជាដើម) ចំនួន៣៨ នៅលើពិភពលោក និងមានសមាជិកអង្កេតការណ៍ចំនួន២។ ក្រៅពីនេះ «FATF ឬ GAFI» នៅមានសមាជិក ជាអង្គភាព សមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាច្រើនទៀត៕