សហភាពអ៊ឺរ៉ុប «EU» បានបញ្ចេញប្រតិកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមីនានេះ នៅចំពោះព្រឹត្តិការណ៍ផ្ដន្ទាទោស ទៅលើក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយតុលាការនៅកម្ពុជា ដោយស្នើឲ្យរបបដឹកនាំក្រុងភ្នំពេញ ផ្ដើម«ដំណើរការផ្សះផ្សារជាតិ» តាមរយៈកិច្ចសន្ទនារួម និងពិតប្រាកដ ជាមួយគណបក្សប្រឆាំង។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលម៉ិញ តុលាការក្រុងភ្នំពេញបានសម្រេចដោយកំបាំងមុខ កាត់ទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងមន្ត្រីជាន់ខ្ពស់គណបក្សនេះ ចំនួន៨នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី២០ ទៅ២២ឆ្នាំ ជុំវិញការចោទប្រកាន់ ពីបទឧបឃាត តាមមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ។
បើតាមសាលក្រមរបស់តុលាការ បានអះអាងថា លោក សម រង្ស៊ី និងក្រុមមេដឹកនាំគណបក្សប្រឆាំង ត្រូវបានរកឃើញប្រព្រឹត្តិកំហុស ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងគម្រោងវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្រាប់សហភាពអ៊ឺរ៉ុប ដែលមានតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ និងដែលបានតាមដាន ដំណើរការកាត់ទោសជាទៀងទាត់ បានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍ ពីរាជធានីព្រុយសែល (ប្រទេសប៊ែលហ្សិក) ក្នុងថ្ងៃអង្គារទី២ ខែមីនានេះ ហៅសវនាការនោះ ថាបានរំលោភសិទ្ធិរបស់ជនត្រូវចោទ និងរំលោភលើនីតិវិធីត្រឹមត្រូវ ដែលមានចែងយ៉ាងរឹងមាំ នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃដដែល បានសរសេរថា៖
«សាលក្រមត្រូវបានប្រកាស យ៉ាងតក់ក្រហល់ បន្ទាប់ពីសវនាការយ៉ាងឆាប់រហ័ស ដែលធ្វើឡើងដោយកំបាំងមុខ។ ជនជាប់ចោទមិនត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់ទៅប្រទេសវិញ ដើម្បីការពាររឿងក្តីរបស់ពួកគេ នៅក្នុងតុលាការ ដែលហាក់ជាការរំលោភសិទ្ធិរបស់ជនជាប់ចោទ និងនីតិវិធីត្រឹមត្រូវ ដែលត្រូវបានការពារយ៉ាងរឹងមាំ ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។»
មកដល់ថ្ងៃនេះ លោក សម រង្ស៊ី ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតុលាការក្នុងប្រទេសកាត់ទោស ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ៥៧ឆ្នាំ ពីបទល្មើសជាច្រើន ក្នុងនោះមាន បទ«ឧបឃាត» បទ«សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ» បទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ក្នុងសំនុំរឿងព្រំដែន និងបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិអំពើហិង្សា បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ក្នុងសំនុំរឿងឃាតកម្មលើលោក កែម ឡី ជាដើម។
រីឯមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលត្រូវតុលាការកាត់ទោស ពី២០ ទៅ២២ឆ្នាំ ពីបទ«ឧបឃាត» រួមមាន លោក អេង ឆៃអ៊ាង – អ្នកស្រី មូរ សុខហួរ – លោក អ៊ូ ច័ន្ទឫទ្ធិ - លោក ឡុង រី – លោក នុត រំដួល – លោក ហូរ វ៉ាន់ – លោក ម៉ែន សុថាវរិន្ទ្រ និងអ្នកស្រី ជូឡុង សួមួរ៉ា។
សហភាពអ៊ឺរ៉ុប បានលើកឡើងបន្ត ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖
«ដោយមិនគិតពីនិន្នាការនយោបាយ ពលរដ្ឋកម្ពុជាទាំងអស់គួរតែត្រូវបានធានាសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ ស្របតាមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ ក៏ដូចជាសិទ្ធិដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។»
«អាជ្ញាធរកម្ពុជាត្រូវតែគោរពនីតិរដ្ឋ និងនីតិវិធីត្រឹមត្រូវ ហើយត្រូវធានាថា សិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពមូលដ្ឋានត្រូវបានគោរពពេញលេញ រួមមានសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមធ្វើអង្គការសមាគម និងសិទ្ធិជួបជុំដោយសន្តិវិធី។ សហភាពអ៊ឺរ៉ុបអំពាវនាវជាថ្មីម្តងទៀត ដល់អាជ្ញាធរកម្ពុជា ឱ្យចាប់ផ្តើម ដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនារួម និងពិតប្រាកដ៕»