កម្ពុជា

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ចំអក​ឲ្យ ហ៊ុន សែន ដែល​នៅតែ​ឆ្លងឆ្លើយ​ជាមួយ សម រង្ស៊ី

ការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាឈប់ឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី មិនមែនជារឿងថ្មីទេ តែការអះអាងដូច្នេះ របស់បុរសខ្លាំងកម្ពុជា បានកើតមាន ជាច្រើនដងរួចមកហើយ។

ការអះអាងលើកចុងក្រោយបំផុត របស់លោក ហ៊ុន សែន គឺធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលមានអត្ថន័យជាអាទិ៍ថា៖

«ខ្ញុំមិនចង់តមាត់តក ជាមួយនរណាទាំងអស់ ព្រោះវាក្មេងពេក ខ្ចីពេក។ អត់និយាយ! ហើយទុកឲ្យគេ វិនិច្ឆ័យ​សភាពការណ៍ ​ខ្លួន​គេ​ចុះ (…) ខ្ញុំបាននិយាយហើយថា ខ្ញុំមិនតបតរ ខ្ញុំនៅស្ងៀម។»

តែនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សកាន់អំណាច ក្នុងប្រទេសកម្ពុជា បានឆ្លើយឆ្លងយ៉ាងចាស់ដៃ ជាមួយមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដោយប្រើប្រាស់ភាសា «ជម្រះបញ្ជី» ជាមួយនឹងមនុស្ស​«ចង្រៃ»​នេះ ប្រសិនណាជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ រូបនេះ វិលត្រឡប់ចូលស្រុកវិញ។

នៅចំពោះការផ្លាស់ប្ដូជំហរចុះឡើង របស់លោក ហ៊ុន សែន ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាចំអក ឲ្យបុរសខ្លាំងកម្ពុជាថា កំពុង​«ច្រឡំមាត់​និយាយ​ទៀត»​ហើយ។ ព្រះតេជគុណ បានបង្ហោះរូបថតលោក ហ៊ុន សែន និងមានសង្ឃដីកា​បញ្ឆិតបញ្ឆៀង ហៅលោក ហ៊ុន សែន ថាជា«សម្ដេចអ៊ួ»ដូច្នេះថា៖

«សម្ដេចអ៊ួ ថាឈប់ឆ្លេីយឆ្លង នឹងទណ្ឌិត សម រង្សី។ មិនបានប៉ុន្មានថ្ងៃ ច្រឡំមាត់និយាយទៀត។ នេះជាយុទ្ធសាស្រ្ត សេះដុះស្នែង របស់អ៊ួ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។