ការវិនិយោគផ្ទាល់ពីបរទេស «FDI /IDF» ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា មុនវិបត្តិ«Covid-19» ត្រូវបានកត់សម្គាល់ ដោយការវិនិយោគរបស់ចិន ដែលមានទំហំធំជាងគេ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។
របាយការណ៍ខ្លីៗនោះ បានបញ្ជាក់ថា មកដល់ខែមេសា ឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងការសាងសង់អាគារ មានទំហំទឹកប្រាក់សរុប រហូតដល់ ៤៣៧លានដុល្លារ ដែលកើនឡើង ២១% បើធៀបនឹងឆ្នាំទៅមិញ។
ពីក្នុងទំហំវិនិយោគ ខាងលើ ប្រទេសចិនបានក្លាយ ជាអ្នកវិនិយោគ ដ៏សម្បើមជាងគេ ជាមួយនឹងទឹកប្រាក់ ២៦២លានដុល្លារ ត្រូវនឹង៥៩% (នៃទំហំទឹកប្រាក់សរុប)។ បន្ទាប់មក គឺប្រទេសសិង្ហបូរី ជាមួយទឹកប្រាក់ ៦៧,៧លានដុល្លារ (១៥%) សហរដ្ឋអាមេរិក ៥៣,៥លានដុល្លារ និងចុងក្រោយ គឺប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទឹកប្រាក់ ២៧,២លានដុល្លារ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានអះអាងទៀតថា៖
«វិស័យអចលនទ្រព្យ តំណាងឲ្យ២៥% នៃកញ្ចប់ប្រាក់កម្ចីសរុប នៅក្នុងវិស័យធនាគារ ដែលមានប្រមាណ ជា២៥,១ពាន់លានដុល្លារ។ កំណើនការខ្ចីប្រាក់ ក្នុងវិស័យនេះ បានឈានដល់ ៤៣,៣% សម្រាប់ការផ្សព្វផ្សាយ នៃអចលនទ្រព្យ – ៤១,៧% សម្រាប់យកមកទិញអចលនទ្រព្យ និង ២៧,៦% សម្រាប់ការសាងសង់៕»