លោក ម៉ៃ ហុងស្រៀង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ«ចាប់ខ្លួន» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មុននឹងត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃ។
ប្រភពពីមន្ត្រីច្រើននាក់ ដែលស្និតនឹងលោក ម៉ៃ ហុងស្រៀង បានឲ្យដឹងថា ការឃាត់ខ្លួននោះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជា ៨និង២០នាទីយប់ថ្ងៃអង្គារ នៅខណៈសកម្មជនគណបក្សប្រឆាំងរូបនេះ មានវត្តមានក្នុងរាជធានីភ្នំពេញ។
ព័ត៌មានក្តៅៗៗ: វេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី30/07/2019 នេះ សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ឈ្មោះម៉ៃ …
Posted by Neang Sokhun on Tuesday, July 30, 2019
នៅលើគណនីហ្វេសប៊ុករបស់លោក ម៉ៃ ហុងស្រៀង ដែលដាក់ឈ្មោះ «ទោះស្លាប់ ក៏ជាខ្មែរ» គេឃើញមានការបង្ហោះចុងក្រោយ កាលពីម៉ោង៦ល្ងាច ក្នុងថ្ងៃអង្គារនេះដដែល។ គណនីហ្វេសប៊ុកនោះ តែងបង្ហោះសាររិះគន់ ដែលមានលក្ខណៈធ្ងន់ៗ និងចំចំណុចរសើបជាច្រើន ទៅដល់ការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា។
មកដល់វេលាយប់អាធ្រាតនេះ មិនមានការអះអាងពីមន្ត្រីអាជ្ញាធរ ជុំវិញការចាប់ខ្លួនខាងលើនេះ នៅឡើយ។
បើការចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង ត្រូវបានអះអាងមែននោះ វានឹងក្លាយជាហេតុការណ៍ចាប់ចងមួយទៀត បន្ថែមក្នុងបញ្ជីដ៏វែងអន្លាយ នៃការចាប់ចង ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ធ្វើទៅលើក្រុមសកម្មជន និងមន្ត្រីជាច្រើននាក់ របស់គណបក្សសង្គ្រោះជាតិ រាប់ចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយ យ៉ាងចម្រូងចម្រាស់ ដោយតុលាការកំពូលនោះមក។
កាលពីពាក់កណ្ដាល ខែមិថុនាកន្លងមក លោក ម៉ៃ ហុងស្រៀង បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានរស់នៅលាក់ខ្លួន នៅក្រៅគេហដ្ឋានអស់ជាច្រើនថ្ងៃ បន្ទាប់ពីលោកបានទទួលដំណឹង ពីមិត្តភ័ក្រដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថាក្រុមអាជ្ញាធរកំពុងតាមចាប់ខ្លួនលោក។ ប៉ុន្តែស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបដិសេធ នៅពេលនោះថា លោកមិនបានដឹង អំពីគម្រោងនៃការតាមចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង អ្វីទេ៕
ទោះបងប្អូនមិន Like ក៏ខ្ញុំត្រូវតែផុស ផុសហើយផុសទៀត ផុសទាល់តែរបប ហ៊ុន សែន រលាយពីកម្ពុជា!
Posted by ទោះស្លាប់ ក៏ជាខ្មែរ on Wednesday, July 24, 2019
(ព័ត៌មានបន្ថែម នឹងផ្សាយជូន ក្នុងអត្ថបទលើកក្រោយ)