កម្ពុជា

អ្នកវិភាគថា ក្រោយយួន«ដកទ័ព» កម្ពុជាមិនអាចដួលរលំបានទេ

នៅចំពោះការអះអាង របស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដែលថ្លែងអួតអាង ដោយមោទនភាព អំពីការដឹកនាំជិត៤០ឆ្នាំរបស់ខ្លួននោះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានប្រតិកម្មយ៉ាងសាមញ្ញថា គឺស្ថានការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក បង្ខំឲ្យយួនត្រូវ«ដកទ័ព» ចេញពីកម្ពុជា ហើយកម្ពុជាមិនអាចដួលរលំបានទេ ព្រោះប្រទេសនេះត្រូវបានដាក់ ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់បេសកកម្មអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់ (UNTAC)។

ថ្លែងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នៅក្រោយរបបខ្មែរក្រហម ក្នុងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា គ្មានប្រទេសណា ដែលមានកងទ័ពបរទេស ចូលមកជួយហើយ ដកចេញទៅវិញ ប្រទេសនោះ​មិនដួលរលំនោះទេ។

លោក ហ៊ុន សែន ថា៖

«នៅលើពិភពលោក ឬនៅតំបន់អាស៊ី តើមានរបបណាខ្លះ ដែលពេលបរទេសមកជួយហើយ បរទេសដកចេញត្រឡប់ទៅវិញ បែរជារដ្ឋបាលឋិតថេរ មានតែរដ្ឋបាលកម្ពុជាទេណា។ សូមក្រលែកមើលរដ្ឋបាល លន់ នល់ និយាយរួមមានតែរដ្ឋាភិបាល ហេង សំរិន-ហ៊ុនសែន ទេ»។

លោកនាយករដ្ឋមន្ត្រី បានរៀបរាប់ថា៖

«លន់ នល់ អាមេរិកចូលមកជួយ អាមេរិកទៅវិញ ដួលរលំគ្រេង។ វៀតណាមខាងត្បូង អាមេរិកចូលមកជួយ អាមេរិកដកទៅវិញ ដួលរលំគ្រេង។ អាហ្គានីស្ថាន សូវៀតចូលមកជួយ ដល់សូវៀតដកចេញដួលរលំគ្រេង។ ដល់រដ្ឋាភិបាល ហ៊ុន សែន វៀតណាមចូលមកជួយ ដល់វៀតណាមដកចេញ អាហ្នឹងក្នុងដំណាក់កាលរដ្ឋាភិបាលរបស់ខ្ញុំ វៀតណាមដកទៅវិញ រដ្ឋាភិបាល ហ៊ុន សែន ឈរយ៉ាងម៉ាំនៅនេះ។»

តបនឹងការអះអាង របស់លោក ហ៊ុន សែន ខាងលើ លោក ព្រហ្ម គិត អ្នកវិភាគវ័យចំណាស់ ដែលកំពុងរស់នៅក្នុងភាគខាងត្បូង ប្រទេសបារាំង បានថ្លែងបដិសេធថា បរិបទនៃការដកទ័ពបរទេស ចេញពីប្រទេសទាំងនោះ មិនដូចគ្នា នឹងបរិបទនៃការដកទ័ពយួន ចេញពីកម្ពុជានោះឡើយ។

លោកពន្យល់ថា ការដកទ័ពយួនចេញពីកម្ពុជា ធ្វើឡើងក្រោមគំនាបពីអន្តរជាតិ នៅខណៈពេលដែលភូមិសាស្ត្រនយោបាយ រវាងលោកកុម្មុយនីស្ដិ៍ និងលោកសេរី បានផ្លាស់ប្ដូរ ចាប់ពីឆ្នាំ១៩៨៩មក។ លោកបន្តថា៖

«ជាពិសេស ការដកទ័ពនេះ មានការកំណត់ ពីកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលយួនជាភាគីហត្ថលេខីមួយផង។ នៅពេលនោះ យួនដែលអស់មានការគាំទ្រ ពីសហភាពសូវៀត មិនមានជម្រើសអ្វី ក្រៅពីប្ដូរយុទ្ធសាស្ត្រខ្លួន ដែលចូលឈ្លានពានប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧៩ មកនោះទេ។»

អ្នកវិភាគអះអាងទៀតថា កម្ពុជាក៏មិនអាចដួលរលំបានដែរ ព្រោះបន្ទាប់ពីយួន​«ដកទ័ព»​ចេញ កម្ពុជាត្រូវបានដាក់ ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា «UNTAC»។ លោកបន្ថែមទៀតថា៖

«បន្ទាប់ពីនោះមក អ៊ុនតាក់ត្រូវរៀបចំការបោះឆ្នោត ដោយយុត្តិធម៌ ត្រឹមត្រូវ រហូតកម្ពុជាមានរដ្ឋសភា និងរដ្ឋាភិបាលថ្មី ទើបអ៊ុនតាក់ដកខ្លួនចេញដែរ។ អញ្ចឹង សួរថា តើកម្ពុជាដួលរំលំយ៉ាងម៉េច?»

នៅពេលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សួរថា តើអាចមានអ្វី នៅពីក្រោយការអះអាង របស់លោក ហ៊ុន សែន ខាងលើ? លោក ព្រហ្ម គិត បានលើកឡើងថា៖

«បើតាមខ្ញុំមើលទៅ លោក ហ៊ុន សែន គ្មានអ្វីផ្សេងមកអះអាង ជំនួសឲ្យពាក្យរបស់គាត់ ដែលថា “ហ៊ុន សែន កំពុងឈរនៅទីនេះ និងឈរ១០ឆ្នាំទៀត” ឬនិយាយឲ្យខ្លី វាជាអំណះអំណាង ដើម្បីរក្សាអំណាចរបស់គាត់ ឲ្យបានយូរទៅមុខទៀត៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។