កម្ពុជា

អ្នកវិភាគ៖ ពលរដ្ឋខ្មែរ​ចង់ឃើញ​វៀតណាម ដឹងគុណ​ខ្មែរ​ម្ដងវិញ

ការរំលើកម្ដងហើយ ម្ដងទៀត ពីគុណូបការៈ នៃប្រទេសវៀតណាម ចំពោះទង្វើ ដែលត្រូវបានហៅថា ជា«ការរំដោះ» ប្រជាជនកម្ពុជា ពីរបបវាលពិឃាត ខ្មែរក្រហមនោះ វាជារឿងមួយ។ ហើយសម្រាប់ការគោរពដឹងគុណ ពីសំណាក់​គណបក្សប្រជាជនកម្ពុជា ចំពោះ​​គណបក្ស​កុម្មុយនីស្ដិ៍​វៀតណាម ដែលធ្លាប់មាន​​ចំណង​មេត្រីភាព តាំងពីជាង៦០ឆ្នាំមកនោះ ជារឿងមួយទៀត។

តែរឿង ដែលមានសារៈសំខាន់ដូចគ្នានោះ គឺប្រទេសកម្ពុជា ក៏ធ្លាប់មានគុណ ចំពោះប្រទេស​វៀតណាមដែរ។

លោក មាស នី អ្នកវិភាគផ្នែកសង្គម និងនយោបាយ បានលើកឡើងថា នោះជាអ្វី ដែលពលរដ្ឋកម្ពុជា ចង់ឮនិងចង់ឃើញ ឲ្យមានការដឹងគុណ ពីសំណាក់ប្រទេសវៀតណាម ចំពោះប្រទេសកម្ពុជា ដែលបានអនុញ្ញាត ឲ្យកងទ័ព​វៀតណាម​ខាងជើង ប្រើប្រាស់ទឹកដីខ្លួន ដើម្បីវាយរំដោះ វៀតណាមខាងត្បូង។

លោកបណ្ឌិត បានសរសេរ នៅលើបណ្ដាញសង្កមថា៖ 

«ការដឹងគុណវៀតណាម វាជាកាតព្វកិច្ច របស់គណបក្សនយោបាយ ដែលបានទទួលការបីបាច់​ថែរក្សា និងទំនាក់ទំនងគ្នា អស់រយះកាល ជាង៦០ឆ្នាំកន្លងមក។»

«តែអ្វីដែលពលរដ្ឋខ្មែរចង់ឮ គឺការបង្ហាញ នូវការដឹងគុណរបស់វៀតណាម ចំពោះការជួយជ្រោម​ជ្រែង របស់កម្ពុជា កាលពីចុងទស្សវត្ស ១៩៦០ ដែលវៀតណាមខាងជេីង បានត្រូវកម្ពុជាអនុញ្ញាត អោយប្រេីប្រាស់ទឹកដីខ្មែរ ធ្វេីជាមូលដ្ឋានទ័ពវៀតកុង ដេីម្បីវាយរំដោះ វៀតណាម​ខាងត្បូង​ បានរហូត​មកទល់សព្វថ្ងៃ។»

លោកបន្តថា៖

«យេីងគួររំលឹកប្រវត្តិសាស្រ្ត ផ្នែកត្រង់នេះបន្តិច ឡេីងវិញផង បេីមិនដូច្នោះ ខ្មែរនឹងនៅតែអរគុណវៀតណាម​រហូត ក្នុងខណះដែលវៀតណាម និងអ្នកនយោបាយខ្មែរ មិនដែលលេីកឡេីង ពីការដឹងគុណគ្នា វិញទៅមក ដោយស្មេីភាព ក្នុងនាមជាប្រទេសជិតខាង។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។