កម្ពុជា

២ម៉ឺន​ផោន ៖ មិត្តស្រី​បុរសជាតិ​អង់គ្លេសថា ប្រជាជន​ខ្មែរ​មាន​ចិត្តល្អ​ណាស់

កញ្ញា «Alana Fonseca» មិត្តស្រី​របស់បុរសជាតិអង់គ្លេស ដែលកំពុងរង់ចាំ ប្រាក់រៃ​អង្គាស​ចំនួន ២ម៉ឺន​ផោន ដើម្បីប្រគល់ឲ្យមន្ទីរពេទ្យ នៅកម្ពុជានោះ បានថ្លែង​នៅថ្ងៃ​នេះ​ថា ប្រជាជនខ្មែរ មានទឹកចិត្តល្អណាស់ ហើយថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យ ថែរក្សា​មិត្តប្រុស​របស់កញ្ញា បានយ៉ាងល្អ។

លោក «Anthony Igoe» ដែលជាគ្រូបង្រៀន ជាតិអង់គ្លេស (មកពីស្កុតឡេន) ក្នុង​សាលា​ឯកជនមួយ បាន​ចូល​សម្រាក ក្នុង​មន្ទីរពេទ្យ នារាជធានីភ្នំពេញ តាំងពីច្រើន​សប្ដាហ៍​ហើយ បន្ទាប់ពី​បុរស​អាយុ​ ៣១ឆ្នាំរូបនេះ មានជំងឺសួត យ៉ាងធ្ងន់ធ្ងរ។

ស្រង់សំដី ដោយសារព័ត៌មានអង់គ្លេស ឈ្មោះ «Daily Record» កាលពីសប្ដាហ៍មុន កញ្ញា «Alana Fonseca» បានថ្លែងថា៖

«ប្រសិនបើខ្ញុំអាច ខ្ញុំនឹងនាំគាត់ ទៅប្រទេសស្កុតឡែនវិញ ប៉ុន្តែគាត់មិនត្រូវបាន​អនុញ្ញាត ឱ្យជិះយន្ដហោះទេ។ យើងត្រូវបានគេប្រាប់ យ៉ាងជាក់លាក់ថា បើយើង​គ្មាន​ប្រាក់ទូទាត់ទេ វេជ្ជបណ្ឌិត​ក្នុងមន្ទីរពេទ្យនៅកម្ពុជា នឹងវះកាត់យកចេញ នូវសួតមួយ​ចំហៀង របស់ “Anthony” ដោយហេតុថា ថ្នាំ​ដែលត្រូវ​យកមក​ព្យាបាល មានតម្លៃ​ថ្លៃណាស់។»

ទឹកប្រាក់ដែលក្រុមគ្រួសារ​អះអាងថា ត្រូវបានទាមទារ ដោយមន្ទីរពេទ្យ នៅកម្ពុជានោះ មានទំហំ ២០ ០០០ ផោនអង់គ្លេស ដែលត្រូវជាប្រមាណ ជាង ២២ ០០០ អ៊ឺរ៉ូ ឬជិត ២៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ បើតាម​ឯកសារ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូល​ទៅពិគ្រោះ តម្លៃព្យាបាលសរុប ដើម្បី​គ្មាន​ការវះកាត់​យក​សួត​ចេញនោះ មានប្រមាណ​ជាង ២៦ ០០០ ដុល្លារអាមេរិក។

២ម៉ឺន​ផោន ? Fake News !

ការផ្សាយ របស់សារព័ត៌មានខាងលើ បានរងប្រតិកម្ម ពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលកម្ពុជា ដោយចាត់ទុក ការលើកឡើង អំពីការទាមទារ ឲ្យបង់ប្រាក់ ២ម៉ឺន​ផោន ពីសំណាក់មន្ទីរពេទ្យ នៅកម្ពុជា ថាជាព័ត៌មានបំភ្លៃ ឬ «Fake News» ដែល​ប្រឌិត​ឡើង ដើម្បីចោទ​ប្រកាន់ មកលើប្រព័ន្ធ​សុខាភិបាល​កម្ពុជា។

បើទោះជា នៅក្នុងរបាយការណ៍ របស់ «Daily Record»​ មិនបានលើកឡើង ពីឈ្មោះរបស់​មន្ទីរពេទ្យ ណាមួយ នៅក្នុងប្រទេសកម្ពុជានោះ តែសាក្សីជាច្រើន បានអះអាងថា លោក «Anthony Igoe» គឺពិតជា កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ ដែលមាន​ឈ្មោះ​ថា «រ៉ូយ៉ាល់ភ្នំពេញ» ក្នុងរាជធានីភ្នំពេញ។

វីដេអូមួយ របស់កញ្ញា «Alana Fonseca» ក៏បានបង្ហាញ​ដែរ ថា លោក «Anthony» បានពាក់អាវ​ពេទ្យ ជាមួយផ្លាកសញ្ញា «R» ដែលជារូបសញ្ញា របស់​មន្ទីរពេទ្យ​ខាងលើ។

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងមន្ទីរពេទ្យ រ៉ូយាល់ភ្នំពេញ ដើម្បីសុំ​ការបកស្រាយ ជុំវិញករណីនេះ តែត្រូវបានស្ត្រីអ្នកទទួលទូរស័ព្ទ ឆ្លើយថា «មិនដឹង» និង​បញ្ជូនឲ្យអ្នកសារព័ត៌មាន ទៅទាក់ទងខាង «ទីផ្សារ» របស់មន្ទីរពេទ្យវិញ។

នៅភ្លាមៗ ក្រោយប្រតិកម្ម របស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល កញ្ញា  «Alana Fonseca» បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម ទទូចឲ្យបណ្ដាជន​ទាំងឡាយ ឈប់​ចែក​រំលែកព័ត៌មាន របស់ «Daily Record» តទៅទៀត ដោយកញ្ញា​អះអាង​ថា សារព័ត៌មាន​បានបកស្រាយ ខុសអំពីអ្វី ដែលកញ្ញាបាននិយាយ ហើយដែល​ធ្វើ​ឲ្យយល់ថា ប្រទេស​កម្ពុជា ​មិនល្អ។

កញ្ញាបានសរសេរ នៅពេលនោះថា៖

«យើងសូមថ្លែងអំណរគុណ ដល់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ដែលយកចិត្តទុកដាក់ ចំពោះ “Anthony” ជារៀងរហូតមក ហើយយើងក៏មិនមាន គំនិតអាក្រក់ ប្រឆាំងនឹង​នរណា​ម្នាក់ នៅទីនេះដែរ។ វាជាកំហុស របស់ក្រុមហ៊ុនធានារ៉ាប់រង ដែលធ្វើឱ្យយើង ស្ថិតក្នុង​ស្ថានភាពនេះ ហើយមិនមែនកម្ពុជា ឬមន្ទីរពេទ្យនោះទេ។»

«ប្រជាជនខ្មែរ ពិតជាអស្ចារ្យ មានចិត្តល្អ និងចេះជួយទុក្ខធុរះណាស់៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។