ស្ត្រីម្នាក់ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង និងដាក់ឈ្មោះ «Ped Baly» បានបរិហាររបបក្រុងភ្នំពេញ ជុំវិញវីដេអូ«សំដែងល្ខោន»សុំទោសរបស់ស្ត្រីម្នាក់ ដែលត្រូវបានយកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ មន្ត្រីស្និតគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ត្រីរូបនោះ ដែលប្រកាសឈ្មោះខ្លួនឯង «ស៊ុន សូរី» និងមានអាយុ៦២ឆ្នាំ បាននិយាយក្នុងវីដេអូនោះថា អ្នកស្រី «Baly» គឺជាកូនស្រីរបស់គាត់។ ពាក់អាវគណបក្សប្រជាជនកម្ពុជា និងថ្លែងពីស្នាក់ការគណបក្សសង្កាត់វាលវង់ រាជធានីភ្នំពេញ ស្ត្រីវ័យចំណាស់បានធ្វើ«សុំទោស» ចំពោះលោក ហ៊ុន សែន ជុំវិញការបង្ហោះវីដេអូនានា របស់អ្នកស្រី«Baly» ដែលនិយាយថា លោក ហ៊ុន សែន ទំនងជាបានស្លាប់ហើយ។
ក្របខណ្ឌផ្សព្វផ្សាយ នៃវីដេអូដែលបង្ហោះ នៅលើគណនេយ្យលោក ផែង វណ្ណៈ បានក្លាយជាកិច្ចការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ បន្ទាប់ពីវីដេអូ«សុំទោស»ទាំងពីរនោះ ត្រូវបានលោក ផៃ ស៊ីផាន ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល យកទៅចែករំលែកបន្ត។
ជាប្រតិកម្មតបវិញ អ្នកស្រី«Baly» ដែលប្រកាសថា ខ្លួនជាកូនកំព្រាឪពុកម្ដាយតាំងពីតូច បានហៅឈុតឆាករបស់ស្ត្រីវ័យចំណាស់ខាងលើ ជារឿងដ៏អាម៉ាសរបស់របបក្រុងភ្នំពេញ ដែលតែងបញ្ចេញវីដេអូ«សុំទោស» នៅក្នុងសំនុំរឿងនយោបាយ។
អ្នកស្រី«Baly»ដែលជាអ្នកគាំទ្រគណបក្សប្រឆាំង យ៉ាងមុតមាំ បានចេញមុខបដិសេធ ពីប្រទេសបារាំងថា អ្នកស្រី«ស៊ុន សូរី»មិនមែនជាម្ដាយ ហើយបើទោះជាម្ដាយ ក៏ស្ត្រីនោះជាម្ដាយ ដែលគ្មានព្រហ្មវិហារធម៌ ចំពោះកូនចៅរបស់ខ្លួន ព្រោះគ្មានម្ដាយឯណា ធ្វើការបកអាក្រាតអំពីកូនខ្លួនឯងដូច្នេះទេ៕
(វីដេអូប្រតិកម្មខាងក្រោម របស់អ្នកស្រី«Baly» អាចប៉ះពាល់អារម្មណ៍)