បារាំង

បារាំង៖ យុទ្ធនាការចាក់​វ៉ាក់សាំងបង្ការកូវីដ នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ២៧ធ្នូ

ក្នុងប្រទេសបារាំង យុទ្ធនាការដំបូង នៃការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូខាងមុខតទៅ។ នេះ បើតាមការប្រកាសឡើង របស់លោក «Olivier Véran» រដ្ឋមន្ត្រីសុខាភិបាល​​របស់សាធារណរដ្ឋ​បារាំង ក្នុងយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ។

លោករដ្ឋមន្ត្រីបានអះអាងថា ក្នុងដំណាក់កាលនៃជំហានទី១ ការចាក់ថ្នាំនឹងធ្វើឡើង នៅក្នុងគ្រឹះស្ថានទ្រទ្រង់ជនចាស់ជរា ចំនួន២ទៅ៣គ្រឹះស្ថាន ដែលក្នុងនោះ​មនុស្សច្រើនសិបនាក់ នឹងទទួលបានថ្នាំវ៉ាក់សាំង។ លោកថា៖

«មានគ្រឹះស្ថាន ចំនួនពីរ ទៅបីគ្រឹះស្ថាន ដែលនឹងទទួលបានថ្នាំវ៉ាក់សាំង។ គ្រឹះស្ថានមួយ នៅក្បែររដ្ឋធានីប៉ារីស មួយទៀត នៅក្នុងតំបន់ “Bourgogne-Franche-Comté (ភាគខាងកើតបារាំង)”  ខណៈគ្រឹះស្ថានទី៣ កំពុងស្ថិតក្នុងការពិចារណា។»

លោកបានអះអាងទៀតថា ថ្នាំវ៉ាក់សាំងដំបូងគេ នឹងមកដល់ប្រទេសបារាំង នៅថ្ងៃសៅរ៍ទី២៦ ខែធ្នូ ពោលគឺមួយថ្ងៃ មុនការចាក់ជូន​ជនចាស់ជរា នៅតាមគ្រឹះស្ថានខាងលើ ដែល នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ស្អែកឡើង។

ការចាក់វ៉ាក់សាំងនោះ នឹងធ្វើឡើងជាបន្តបន្ទាប់ ទៅកាន់គ្រឹះស្ថានផ្សេងទៀត ក្នុងក្របខណ្ឌនៃយុទ្ធនាការដំបូង។ នេះ បើតាមការអះអាងបន្ត របស់លោករដ្ឋមន្ត្រីដដែល ដែលបញ្ជាក់ថា ថ្នាំវ៉ាក់សាំងក្នុងចំនួនដ៏សម្បើមទៀត គ្រោងនឹងបញ្ជូនមកដល់ប្រទេសបារាំង នៅចុងខែធ្នូ ឆ្នាំ២០២០ និងនៅដើម ខែមករា ឆ្នាំ២០២១ខាងមុខ។

តួលេខផ្សាយដោយ​ភ្នាក់ងារសុខាភិបាល​សាធារណៈ របស់ប្រទេសបារាំង បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ ដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ មានចំនួន៣៨៦នាក់ ដែលធ្វើឲ្យចំនួន​ជនរងគ្រោះសរុប រាប់តាំងពីដើមដំបូង នៃការរាតត្បាត កើនឡើងដល់ ៦១ ៧០២នាក់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។