បារាំង

សារមន្ទីរ លូវ្រ៍ (ប៉ារីស) មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ឆ្នាំ២០១៨

សម្រាប់ឆ្នាំ២០១៨កន្លងទៅ នេះសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស បានបំបែកឯកត្តកម្ម ដោយបានក្លាយខ្លួន ជាសារមន្ទីរអន្តរជាតិ ដែលមានភ្ញៀវចូលទស្សនា ច្រើនជាងគេបំផុត នៅលើពិភពលោក។ នេះ បើតាមការប្រកាស របស់អភិបាលសារមន្ទីរ នៅថ្ងៃព្រហស្បត្តិ ទី០៣ ខែមករា ឆ្នាំ២០១៩។

លោក «Jean-Luc Martinez» អគ្គនាយកសារមន្ទីរ លូវ្រ៍ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា៖

«ជាលើកទីមួយ នៅក្នុងប្រវត្តិរបស់សារមន្ទីរខ្លួនឯង ហើយខ្ញុំគិតថា វាក៏ជាលើកទីមួយដែរ នៅក្នុងប្រវត្តិសាស្ត្រ នៃសារមន្ទីរទាំងឡាយ នៅលើពិភពលោក ភ្ញៀវដែលចូលទស្សនាសារមន្ទីរ លូវ្រ៍ មានតួលេខច្រើនជាង ១០លាននាក់ នៅក្នុងឆ្នាំ២០១៨កន្លងទៅ»។

តួលេខពិតប្រាកដ គឺភ្ញៀវចំនួន ១០លាន ២សែននាក់ បានមកទស្សនាសារមន្ទីរមួយនេះ ដែលត្រូវបានកែឆ្នៃ ចេញពីអតីតព្រះបរមរាជវាំង របស់ចក្រភពបារាំង។ តួលេខនេះ បានកើនឡើង២៧% លើសឆ្នាំ២០១៧ ដែលមានភ្ញៀវ ត្រឹមតែ ៨លាន១សែននាក់ និងបំបាក់ឯកត្តកម្ម ឆ្នាំ២០១២ ដែលមានភ្ញៀវរហូតដល់ ៩លាន៧សែននាក់។

សម្រាប់តួលេខប្រៀបធៀប ក្នុងឆ្នាំ២០១៨កន្លងទៅ ជាលក្ខណៈអន្តរជាតិ សារមន្ទីរ លូរ្រ៍ បានឈ្នះ នាំមុខសារមន្ទីរជាតិ នៃប្រទេសចិន ដែលទទួលភ្ញៀវ បាន៨លាននាក់ និងសារមន្ទីរសិល្បៈ នៃក្រុងញ៉ូយក (សហរដ្ឋអាមេរិក) ដែលទទួលភ្ញៀវបាន ៧លាន​៣សែន​នាក់។

លោក «Jean-Luc Martinez» បានបញ្ជាក់ថា ការបំបែកឯកត្តកម្ម ដោយសារតែការ​កើនឡើង នៃទេសចរណ៍បរទេស ដែលបានសម្រុក ចូលមកលេងប្រទេសបារាំង ជាពិសេស មកលេងរដ្ឋធានីប៉ារីស នៅក្នុងឆ្នាំកន្លងទៅ បន្ទាប់ពីការធ្លាក់យ៉ាងគំហុគ កាលពីប៉ុន្មានឆ្នាំមុន បណ្ដាលមកពីព្រឹត្តិការណ៍ភេរវកម្ម។

មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែសារមន្ទីរ លូរ្រ៍ ខ្លួនឯងក៏បានធ្វើការជុសជុល កែលំអរ និងដាក់បន្ថែមនូវសេវាកម្មជាច្រើន ដែលលើកទឹកចិត្ត ឲ្យទេសចរណ៍ទាំងឡាយ កាន់តែចង់មកទស្សនាសារមន្ទីរ។ លោក «Jean-Luc Martinez» បានថ្លែងឡើងថា៖

«យើងបានបង្កើត ទីកន្លែងថ្មីៗ ដូចកន្លែងរក្សា-ផ្ញើរវាលីស កន្លែងលក់សំបុត្រ និងការស្វាគមន៍ សម្រាប់ភ្ញៀវ​ដែលមកទស្សនា​ជាក្រុម​ជាដើម។ គោលនយោបាយថ្មីនេះ បានអនុញ្ញាតឲ្យយើងទទួលភ្ញៀវ បានល្អ និងច្រើនជាងមុន។»

បន្ថែមពីលើនេះ គេត្រូវនិយាយដែរថា សារមន្ទីរ លូវ្រ៍ បានបង្កើត​នូវកម្មវិធីជាច្រើន ដើម្បីដាក់តាំងបង្ហាញ នូវស្នាដៃដ៏ពិសេសៗ ដែលត្រូវបាននាំយក (ឬត្រូវបានខ្ចី) ពីគ្រប់តំបន់ នៅជុំវិញពិភពលោក ក្នុងនោះមានដូចជា ស្នាដៃសិល្បៈបុរាណ ពីប្រទេសដែលធ្លាប់មានអរិយធម៌ធំៗ ដូចយ៉ាងប្រទេសអេហ្សីព ក្រិច អ៊ីតាលី ឬចិនជាដើម៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។