បារាំង

ទិដ្ឋភាព​ខ្ទេចខ្ទាំ​នៃ​ការផ្ទុះ​ចេញពី​​ហាង​នំប៉័ង​ម្សិលម៉ិញ នៅប៉ារីស

ជារូបភាពដ៏រន្ធត់ ប្រៀបបាននឹងសមរភូមិ ដ៏ក្ដៅមួយ ដែលទើបឆ្លងកាត់ការប្រយុទ្ធរួច។ រូបភាពនេះ ថតដោយអ្នកសារព័ត៌មានអ៊ីតាលីមួយរូប ឈ្មោះ «Valerio Orsolini» ដែលមានវត្តមាន នៅក្នុងសណ្ឋាគារ ទល់មុខហាងលក់នំប៉័ង ដែលរងការផ្ទុះដ៏ខ្លាំងមួយ កាលពីព្រឹកម្សិលម៉ិញ។

ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃសៅរ៍ វេលាម៉ោងប្រមាណជា ៩ព្រឹក នៅផ្លូវ «Trévise» នៃសង្កាត់ទី៩ របស់រដ្ឋធានី ប៉ារីស បណ្ដាលឲ្យមានមនុស្ស យ៉ាងហោច ៣នាក់ ស្លាប់ និងច្រើនជាង១០នាក់ រងរបួសធ្ងន់ ខណៈជាង៤០នាក់ផ្សេងទៀត រងរបួសស្រាល។ នេះ បើតាមតុល្យភាព ជាបណ្ដោះអាសន្ន ផ្ដល់ដោយអាជ្ញាធរបារាំង នៅវេលាល្ងាច។

អាគារ និងផ្លូវ នៅមុនការផ្ទុះ។ (រូបថត Google street)

តាមពិតទៅ អ្នកសារព័ត៌មានអ៊ីតាលីខាងលើ បានធ្វើដំណើរមកកាន់រដ្ឋធានី ប៉ារីស ដើម្បីរង់ចាំផ្ដិតយកទិដ្ឋភាព និងធ្វើសេចក្ដីរាយការណ៍ ពីបាតុកម្មអាវកាក់លឿង ដែលគ្រោងធ្វើក្នុងចុងសប្ដាហ៍នេះ នៅទូទាំងប្រទេសបារាំង។ តែលោក «Valerio Orsolini» ដែលស្នាក់ក្នុងសណ្ឋាគារ ជាន់ទីមួយ បែរជាត្រូវធ្វើបទយកការណ៍ ពីទិដ្ឋភាពផ្ទុះដ៏រញ្ជួលនេះ ដែលអ្នកកាសែតខ្លួនឯង ស្ថិតក្នុងហេតុការណ៍ដែរ។

ដោយរងរបួស នៅត្រង់មុខផង លោក «Valerio Orsolini» បានថតផ្តិតយករូបភាព ចាប់ពីក្នុងបន្ទប់របស់ខ្លួន ដែលស្ថិតនៅជាន់ទីមួយ ចុះមកដល់បញ្ជរទទួលភ្ញៀវ ជាន់ផ្ទាល់ដី នៃសណ្ឋាគារ និងបានចេញទៅដល់ផ្លូវថ្នល់ នៅខាងមុខហាងនំប៉័ង។ ទិដ្ឋភាព… ដែលពិបាកនឹងពិពណ៌នា៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។