បារាំង

បាតុកម្ម​អាវកាក់​លឿង​ទី១៩​នៅ​ប៉ារីស មិនមាន​ហេតុការណ៍​អ្វីធំដុំ

បាតុកម្មលេកទី១៩ នៃបណ្ដាជនអាវកាក់លឿង បានបញ្ចប់ទៅហើយ ដោយ«មិនមាន​ហេតុការណ៍​អ្វីធំដុំ»។ តុល្យភាព ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា បណ្ដាជនប្រមាណជា ៤០ ៥០០នាក់ នៅទូទាំងប្រទេស បានចុះធ្វើបាតុកម្ម ដែលកើនឡើងជាងសប្ដាហ៍មុនបន្តិច (ប្រមាណជា៣២ ០០០នាក់ នៅទូទាំងប្រទេស)។

ផ្ទុយពីសប្ដាហ៍មុន ដែលអំពើហិង្សា និងការបង្កវិនាសកម្ម បានកើតឡើងវិញ គួរឲ្យព្រឺព្រួចនោះ នៅសប្ដាហ៍នេះអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ បានយ៉ាងហ្មត់ចត់។ លោក គ្រីស្តូហ្វ៍ កាស្ដាណេ (Christophe Castaner) រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានថ្លែងថា វិធានការជាច្រើនត្រូវបានអនុវត្តន៍ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសការជ្រុលជ្រួស។

នៅក្នុងរដ្ឋធានីប៉ារីស ក្រុមបាតុករបានជួបជុំគ្នា និងដង្ហែជាក្បួន នៅតាមដងវិថីធំៗ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំង ប្ដូរនយោបាយរបស់ខ្លួន។ រហូតលុះដល់វេលាម៉ោង ប្រមាណជា៥ល្ងាច ក្បួនបាតុកម្មបានចាប់ផ្ដើមបំបែកជួរ ប៉ុន្តែនៅមានបាតុករមួយភាគ បានដើរត្រឡប់ ចូលមកកណ្ដាលរដ្ឋធានីវិញ។

ប៉ុន្តែការដង្ហែក្បួននោះ បានពើបប្រទះនឹងកងកម្លាំងអាជ្ញាធរ ដែលរាយបណ្ដាក់គ្នា នៅជិត «Place de la République»។ នៅទីនោះ ក្រុមនគរបាលបានបាញ់ គ្រាប់បែកបង្ហូរទឹកភ្នែក ចូលក្នុងហ្វូងបាតុករ ដើម្បីបង្ខំឲ្យពួកគេបំបែកជួរ។

ការប្រឈមមុខគ្នា បានបណ្ដាលឲ្យមនុស្ស ៧០នាក់ ត្រូវបានឃាត់ខ្លួន។

នៅឯមហាវិថី «Champs-Elysées» ដ៏ល្បី នៃរដ្ឋធានីប៉ារីស ត្រូវបានអាជ្ញាធរ​ដាក់ពង្រាយកម្លាំងរបស់ខ្លួន ព័ទ្ធជុំវិញ ដើម្បីបង្ការអំពើបំផ្លិចបំផ្លាញជាថ្មីទៀត។ ប៉ុន្តែមិនមានហេតុភេទអ្វីកើតឡើង គួរឲ្យកត់សម្គាល់ទេ ដែលធ្វើឲ្យគេគិតថា ការព្រមានរបស់អាជ្ញាធរ ទុកជាមុន ពិតជាមានប្រសិទ្ធិភាព៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។