រដ្ឋាភិបាលបារាំង បានប្រកាសនៅថ្ងៃចន្ទនេះ បើកឲ្យមានការពិគ្រោះយោបល់មួយ យ៉ាងទូលំទូលាយ ដើម្បីធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ និង ប្រាក់បៀវត្ស របស់បុគ្គលិករដ្ឋការ នៅតាមមន្ទីរពេទ្យនានា នៅក្នុងប៉ុន្មានខែខាងមុខ។
នៅក្នុងកិច្ចប្រជុំ ជាមួយមេដឹកនាំសហជីព មន្ទីរពេទ្យ និងមេដឹកនាំគ្រឹះស្ថាន សម្រាប់ជនជរា ប្រមាណជាង៣០០នាក់ លោកនាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) បានលើកឡើងថា៖
«ការពិគ្រោះយោបល់ ដ៏ទូលំទូលាយនេះ នឹងនាំទៅដល់ការសម្រេចចិត្ត ក្នុងខែកក្កដា ដើម្បីផ្លាស់ប្ដូរ ជីវិតប្រចាំថ្ងៃ របស់បុគ្គលិកក្នុងមន្ទីរពេទ្យ សម្រាប់ប៉ុន្មានខែខាងមុខ។»
នៅក្នុងរយៈពេលចុងក្រោយនេះ បណ្ដាបុគ្គលិកនៅតាមមន្ទីរពេទ្យ បានធ្វើការតវ៉ា កាន់តែច្រើនឡើង អំពីលក្ខខណ្ឌការងារ និងប្រាក់បំណាច់ប្រចាំខែ របស់ពួកគេ ដែលមិនសក្ដិសម ទៅនឹងការងារ ជាពិសេសការប្រឈម ដែលពួកគេកំពុងធ្វើសព្វថ្ងៃ ជាមួយការរាតត្បាត នៃជំងឺ«Covid-19»នោះទេ។
នៅក្នុងប្រទេសបារាំង គិលានុបដ្ឋាយិកាម្នាក់ ទទួលបានប្រាក់បៀវត្សប្រចាំខែ ជាសាច់ប្រាក់សុទ្ធ (Net) ប្រមាណជា ១ ៥០០អ៊ឺរ៉ូ។ ប្រាក់បៀវត្សនេះ នៅមិនទាន់គិត ពីប្រាក់បន្ទុកសង្គម និងប្រាក់សោធននិវត្តន៍ ប្រមាណជា៣០០អ៊ឺរ៉ូ ក៏ដូចជាអត្ថប្រយោជន៍ បន្ថែមទៀតទេ។ ប៉ុន្តែវាជាប្រាក់ខែ ដែលស្ថិតក្នុងកម្រិត ដ៏ទាបបំផុតមួយ បើធៀបនឹងប្រទេសអ្នកមាន ផ្សេងទៀត នៅបស្ចឹមលោក៕