មួយថ្ងៃ ក្រោយការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីបាតុកម្មរបស់បណ្ដាជនបារាំង ពាក់អាវកាក់ពណ៌លឿង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើប្រតិកម្មតបវិញ ដោយថ្លែងផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក ថាសូមទុកឲ្យបារាំង ដោះស្រាយបញ្ហាជាតិរបស់ខ្លួន ដោយខ្លួនឯង។
ថ្លែងនៅក្នុងកម្មវិធីមួយ របស់បណ្ដាទូរទស្សន៍បារាំង «LCI» ក្នុងព្រឹកថ្ងៃអាទិត្យនេះ លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ បានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ទៅលោក ដូណាល់ ត្រាំ ហើយលោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង (Emmanuel Macron) ក៏បានបញ្ជាក់ដូចគ្នាថា យើងមិនលូកលាន់ ចូលជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយអាមេរិកទេ។ អញ្ចឹងទេ ត្រូវទុកឲ្យបារាំងដោះស្រាយបញ្ហាជាតិខ្លួន ដោយខ្លួនឯង។»។
កាលពីម្សិលម៉ិញ ប្រធានាធិបតីអាមេរិក បានប្រើទំព័រទ្វីសធើររបស់លោក បង្ហោះសារមួយចំនួន នៅខណៈពេលដែលបណ្ដាជនបារាំង ដែលពាក់អាវកាក់ពណ៌លឿង រាប់ពាន់-ម៉ឺននាក់ កំពុងធ្វើបាតុកម្ម ជំទាស់នឹងកំណែរទម្រង់ថ្មីៗ របស់រដ្ឋាភិបាលប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ ប៉ុន្តែ សារខ្លីៗនោះ ត្រូវបានលោក ដូណាល់ ត្រាំ ភ្ជាប់បាតុកម្ម ក្នុងប្រទេសបារាំង ទៅនឹងកិច្ចព្រមព្រៀងក្រុង ប៉ារីស ស្ដីពីអាកាសធាតុ ដែលត្រូវបានប្រទេសធំៗជាច្រើន ផ្ដល់សច្ចាប័ន កាលពីខែមេសា ឆ្នាំ២០១៦នោះទៅវិញ។
លោក ត្រាំ បានសរសេរថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីស មិនមានដំណើរការល្អប្រសើរទេ សម្រាប់រដ្ឋាភិបាលក្រុងប៉ារីស។ បាតុកម្ម និងអំពើហិង្សា ផ្ទុះឡើងនៅគ្រប់កន្លែង ក្នុងប្រទេសបារាំង។ បណ្ដាជនទាំងឡាយ មិនចង់ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ – មួយផ្នែកធំ បោះទៅឲ្យប្រទេស ដែលស្ថិតក្រោមបន្ទាត់ នៃការអភិវឌ្ឍន៍ (ដែលត្រូវបានដឹកនាំតាមនយោបាយ ពោរពេញដោយមន្ទិល) ជាមួយនឹងគោលដៅ – ដែលធ្វើឫក – ការពារបរិស្ថាន។»។
ប្រធានាធិបតីអាមេរិក បានលើកឡើងទៀតថា៖ «ពួកគេ (បាតុករ) កំពុងស្រែកច្រៀងថា “យើងចង់បានត្រាំ”»។
ផ្ទុយទៅវិញ គ្មានសេចក្ដីរាយការណ៍ណាមួយ អះអាងថា បាតុករអាវកាក់លឿងបារាំង បានស្រែកច្រៀង «យើងចង់បានត្រាំ» ដូច្នេះទេ ហើយក៏គ្មាននរណា យកកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីអាកាសធាតុ ដែលត្រូវបានបង្កើតឡើង ក្នុងអាណត្តិប្រធានាធិបតីបារាំងមុន មកធ្វើជាបុព្វហេតុធំរបស់ពួកគេ នាពេលនេះដែរ៕