បារាំង

Covid-19៖ បារាំងប្រកាសបម្រាមគោចរ ឡើងដល់​៥៤តំបន់

រលកទីពីរ​នៃការរាតត្បាតជំងឺ​«Covid-19» បានតម្រូវ​ឲ្យរដ្ឋាភិបាល​បារាំង ប្រកាសដាក់បម្រាមគោចរ សម្រាប់តំបន់ជាច្រើនទៀត រហូតចំនួនសរុប ឡើងដល់​៥៤តំបន់ នៅលើផ្ទៃប្រទេស​(បារាំងដីគោក)។

ចំណាត់ការខាងលើ ប្រកាសឡើង​ដោយនាយករដ្ឋមន្ត្រី​បារាំង លោក ហ្សង់ កាស្ដិក (Jean Castex) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ ដោយបញ្ជាក់ថា ការរាតត្បាត ក្នុងស្ថិតក្នុងស្ថានភាព​«ធ្ងន់ធ្ងរ»។»

តំបន់ចំនួន៣៨ទៀត (និងតំបន់មួយ នៅឯនាយសមុទ្រផង) ត្រូវបានដាក់ក្នុងបម្រាមគោចរ ដោយ​ហាម​រាល់ការធ្វើដំណើរ រវាងពីម៉ោង៩យប់ រហូតដល់ម៉ោង៦ភ្លឺ ចាប់ពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសុក្រទី២៣ ចូលមកថ្ងៃសៅរ៍ទី២៤ ខែតុលានេះតទៅ។ បម្រាមគោចរ មានរយៈពេល៦សប្ដាហ៍ ហើយអាចបន្តទៀត បើសិនជាស្ថានភាព មិនចុះថយ។

កាលពីសប្ដាហ៍មុន រដ្ឋាភិបាលបានដាក់តំបន់ ចំនួន១៦រួចហើយ ទៅក្នុងបម្រាមគោចរ ក្នុងនោះ​មានទាំង​រដ្ឋធានីប៉ារីសផង។ វិធាការចុងក្រោយ បានធ្វើឲ្យចំនួនតំបន់សរុប ឡើងដល់​៥៤តំបន់ ដែលមានពលរដ្ឋបារាំងរស់នៅ ប្រមាណជា៤៦លាននាក់។

លោក ហ្សង់ កាស្ដិក បានព្រមានថា៖

«វិធានការម៉ឺងម៉ាត់ផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្តន៍ ប្រសិនជាការរាតត្បាត មិនថមថយ។»

រលកទីពីរ មិនត្រឹមតែកំពុងផ្ទុះឡើង នៅក្នុងប្រទេសបារាំងទេ តែនៅក្នុងប្រទេសមួយចំនួន នៅអ៊ឺរ៉ុបក៏កំពុងរងគ្រោះ នឹងការឆ្លងរាតត្បាតជាថ្មី នៃជំងឺដ៏ចង្រៃនេះដែរ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។