បារាំង

អេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជា​«ប្រធានាធិបតី​បារាំង»​ជាថ្មី

នៅយប់ថ្ងៃអាទិត្យនេះ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជាប់ឆ្នោតជា«ប្រធានាធិបតី​បារាំង»ជាថ្មីទៀត ដោយបានយកឈ្នះអ្នកស្រី ម៉ារីន ឡឺប៉េន (Marine Le Pen) បេក្ខនារីជុំទីពីរ និងជាជុំចុងក្រោយ ដែលមានទំនោរនយោបាយ ស្ដាំនិយមជ្រុល។

បើតាមលទ្ធផលជាបណ្ដោះអាសន្ន ប្រកាសដោយក្រសួងមហាផ្ទៃ របស់ប្រទេសបារាំង បានឲ្យដឹងថា លោក ម៉ាក្រុង មកពីគណបក្ស​«បារាំងឈានទៅមុខ (La France en Marche)» ទទួលបានសម្លេងឆ្នោតប្រមាណជា ៥៨,៥ភាគរយ ខណៈអ្នកស្រី ឡឺប៉េន មកពីគណបក្ស​«ប្រជុំប្រជាជាតិ (Rassemblement national)» ទទួលបានការគាំទ្រប្រមាណជា ៤១,៤ភាគរយ។

មានអាយុ៤៤ឆ្នាំ លោក អេម៉ានុយអែល ម៉ាក្រុង បានក្លាយជា«ប្រធានាធិបតី​បារាំង»ទី៣ ដែលជាប់ឆ្នោតក្នុងអាណត្តិទី២ បន្ទាប់ពីប្រធានាធិបតី ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand) និងប្រធានាធិបតី ហ្សាក់ ឈៀរ៉ាក់ (Jacques Chirac)។ 

លោក ម៉ាក្រុង និងអ្នកស្រី ឡឺប៉េន បានប្រកួតគ្នាក្នុងជុំចុងក្រោយដូច្នេះម្ដងហើយ កាលពីឆ្នាំ២០១៧ តែក្នុងឆ្នាំនេះ បេក្ខនារីស្ដាំនិយមជ្រុល ទទួលបានការគាំទ្រកើនឡើង ប្រមាណជា៨ពិន្ទុ ដែលជាលទ្ធផលដ៏ល្អបំផុត កម្រមានបេក្ខជនស្ដាំនិយមជ្រុលណាម្នាក់ ទទួលបានពីមុនមកណាស់។

នៅចំពោះការធ្លាក់ចុះ នៃសម្លេងឆ្នោតគាំទ្រប្រធានាធិបតីផុតតំណែង សម្លេងឆ្នោតអនុប្បវាទ ក្នុងការបោះឆ្នោតឆ្នាំ២០២២នេះ ក៏បានកើនឡើងយ៉ាងខ្លាំងដែរ រហូតដល់២៨ភាគរយ។ ជាតួលេខដ៏ខ្ពស់ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ឆ្នាំ១៩៦៩ ដែលកាលនោះ សម្លេងឆ្នោតអនុប្បវាទ មានរហូតដល់៣១ភាគរយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។