បារាំង

កិច្ច​អន្តរាគមន៍​ប្រធានាធិបតី ម៉ាក្រុង ដើម្បី​ចេញ​ពី​«វិបត្តិ​អាវ​កាក់​លឿង»

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងតាមកញ្ចប់ទូរទស្សន៍ ទៅកាន់ប្រជាជាតិ ក្នុងយប់ថ្ងៃចន្ទនេះ ដោយលើកឡើងពីវិធានការ មួយចំនួន ដើម្បីឲ្យប្រទេសបារាំង អាចចេញពី«វិបត្តិអាវកាក់លឿង» ដែលជាវិបត្តិដ៏ធំមួយ តាំងពីលោកបានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី។

ការថ្លែងរបស់លោកប្រធានាធិបតី ធ្វើឡើងបន្ទាប់ពីលោក បានពិគ្រោះអស់រយៈពេល ជាច្រើនម៉ោង ជាមួយមន្ត្រីរដ្ឋាភិបាល មេដឹកនាំរដ្ឋសភា-ព្រឹទ្ធសភា និងមន្ត្រីសហជីព ប្រមាណជា៣៧នាក់។ 

ក្នុងកិច្ចអន្តរាគមន៍របស់លោក ជាង១០នាទី គេបានកត់សម្គាល់ ពីចំណុចសំខាន់ៗ មួយចំនួន ដែលជាវិធានការចាំបាច់ ក្នុងការដោះស្រាយវិបត្តិ ក្នុងនោះមានដូចជា៖

  • ទទួលខ្លួនលោក ថាមានកំហុសក្នុងការថ្លែង «ត្រង់ទៅត្រង់មក» ក្នុងពេលកន្លងមក ដែលអាចធ្វើឲ្យប៉ះទង្គិចដល់ស្រទាប់ខ្លះ នៃប្រជាជនបារាំង។
  • តម្លើងប្រាក់បៀវត្សអតិបរមា ១០០អ៊ឺរ៉ុប ចាប់ពីឆ្នាំក្រោយ ដោយមិនមែនជាបន្ទុក របស់នយោជក សូម្បីតែមួយអ៊ឺរ៉ូឡើយ។
  • លើកលែងការតម្លើងពន្ធ លើប្រាក់សោធននិវន្ត សម្រាប់បណ្ដាជន ដែលទទួលបានប្រាក់សោធននិវន្តតិចតួច។
  • មិនគិតពន្ធ និងបន្ទុកសង្គម ទៅលើប្រាក់បំណាច់ ដែលបានមក ពីការធ្វើការបន្ថែមម៉ោង។
  • មិនគិតពន្ធ និងបន្ទុកសង្គម ទៅលើប្រាក់បំណាច់ចុងឆ្នាំ ដែលផ្ដល់ដោយនយោជក ជាការលើកទឹកចិត្ត។
  • ចាប់ពីឆ្នាំក្រោយទៅ នឹងលប់ចោល នូវការតម្លើងបន្ទុកសង្គម ដើម្បីការរួមចំណែកទូទៅ (CSG) សម្រាប់ជន ដែលមានប្រាក់សោធននិវត្តន៍ តិចជាង២០០០អ៊ឺរ៉ូ ខណៈពីពេលមុន មកទល់នឹងពេលនេះ ការលើកលែងបន្ទុក «CSG» ត្រូវបានធ្វើឡើង សម្រាប់តែជន ដែលមានប្រាក់សោធននិវត្តន៍ តិចជាង១២០០អ៊ឺរ៉ូប៉ុណ្ណោះ។
  • រក្សានយោបាយ លប់ចោលការយកពន្ធ ទៅលើទ្រព្យសម្បត្តិ របស់ក្រុមអ្នកមានប្រាក់ ដោយតម្រូវឲ្យ​ក្រុម​អ្នក​មានទ្រព្យ ត្រូវធ្វើការវិនិយោគ ដើម្បីផ្ដល់ការងារឲ្យប្រជាជនបារាំង។ ប៉ុន្តែនឹងបង្កើតឲ្យមានការយកពន្ធ ទៅលើអចលនវត្ថុ របស់ក្រុមសេដ្ឋី និងមហាសេដ្ឋីទាំងនោះ។

កិច្ចអន្តរាគមន៍របស់លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានកត់សម្គាល់ដែរ នូវការថ្កោលទោស ចំពោះអំពើហិង្សា «ដែលមិនអាចទទួលបាន» កើតក្នុង ឬក្រោយបាតុកម្ម របស់បណ្ដាជន «អាវកាក់លឿង»។ លោកថា៖ «អំពើហិង្សា​ទាំងនេះ នឹងមិនទទួលបានការ​យោគយល់​ណាមួយ​ឡើយ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។