វិធានការជាច្រើន នឹងត្រូវរដ្ឋាភិបាលបារាំង សម្រេចឲ្យអនុវត្ត ដើម្បីត្រៀមឲ្យប្រទេស«ងើបឡើងវិញ» នៅក្រោយថ្ងៃទី១១ ខែឧសភា។ នេះ បើតាមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងវិធានការរបស់រដ្ឋាភិបាលបារាំង ដើម្បីទប់ទល់-បង្ការការរាតត្បាត នៃជំងឺ«Covid-19»។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃចន្ទ តី១៣ ខែមេសា ឆ្នាំ២០២០ លោកប្រធានាធិបតី បានផ្ដល់ក្ដីសង្ឃឹម ទៅដល់ពលរដ្ឋ តាមរយៈឃ្លាមួយ របស់លោកដូច្នេះថា៖
«ការរាតត្បាត កំពុងចាប់ផ្ដើមថយចុះ ហើយក្ដីសង្ឃឹម ក៏ចាប់ផ្ដើមមានជាថ្មីដែរ។»
តែលោកទទួលស្គាល់ថា ប្រទេសបារាំងមិនបានត្រៀមខ្លួន ឲ្យគ្រប់គ្រាន់ និងមានចន្លោះប្រហោង។ តែលោកបញ្ជាក់ថា ភាពមិនគ្រប់គ្រាន់នេះ បានកើតមាន សឹងតែនៅគ្រប់ប្រទេស នៅពេលដែលការរាតត្បាត កើតឡើងភ្លាមៗ ដូចទឹកបាក់ទំនប់។
លោកប្រធានាធិបតី បានប្រកាសឲ្យពលរដ្ឋបន្តសំងំ នៅក្នុងលំនៅដ្ឋាន យ៉ាងហោចណាស់ រហូតដល់ថ្ងៃចន្ទ ទី១១ ខែឧសភាខាងមុខ។ លោកបន្តអះអាងថា ប៉ុន្តែថ្ងៃនោះ អាចជាថ្ងៃចុងក្រោយ នៃបម្រាម តែក្នុងលក្ខខណ្ឌ ដែលពលរដ្ឋទាំងអស់ ចូលរួមគោរពបម្រាម និងការធ្វើអានាម័យរួមគ្នា ដើម្បីអនុញ្ញាតឲ្យការរាតត្បាត មានការថយចុះប៉ុណ្ណោះ។
ប្រមុខរដ្ឋបារាំង បានថ្លែងថា៖
«ក្នុងរវាង១៥ថ្ងៃខាងមុខ រដ្ឋាភិបាលនឹងបង្ហាញ នូវគម្រោង [ឲ្យប្រទេសបារាំង ងើបឡើងវិញ នៅ] ក្រោយថ្ងៃ១១ឧសភា ក៏ដូចជាគម្រោងលំអិតទាំងឡាយ ដែលជាជីវិតប្រចាំថ្ងៃរបស់យើង។»
វិធានការដំបូង ដែលរដ្ឋាភិបាលគ្រោងដាក់ចេញ ហើយដែលប៉ះពាល់ ដល់ពលរដ្ឋបារាំង សឹងតែគ្រប់រូបនោះ គឺទារកដ្ឋាន សាលាមតេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នឹងត្រូវបើកទ្វាឡើងវិញ ជាបន្តបន្ទាប់បន្តិចម្ដងៗ ខណៈគ្រឹះស្ថានឧត្ដមសិក្សា អាចនឹងត្រូវរង់ចាំ រហូតដល់រដូវក្ដៅខាងមុខ (ចាប់ពីខែកក្កដា)។
ប្រធានាធិបតីបារាំង បានបន្តថា វិធានការ«មិនធ្លាប់មាន»មួយ កំពុងត្រូវបានរៀបចំឡើង សម្រាប់ជួយដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប ហើយមានកូន នៅក្នុងបន្ទុក។
បន្ទាប់មក លោក ម៉ាក្រុង បានបង្ហាញពីវិធានការមួយចំនួន ដើម្បីអនុញ្ញាតឲ្យបណ្ដាលក្រុមហ៊ុន-សហគ្រាសនានា នៅក្នុងប្រទេសបារាំង អាចដកដង្ហើម និងចាប់ផ្ដើមដំណើរការ របស់ផងខ្លួនឡើងវិញ។
លោកបានថ្លែងជាដំបូងថា កន្លែងទាំងឡាយ ដែលបង្កការជួបជុំ សម្រាប់មនុស្សច្រើនគ្នា នៅមិនទាន់អនុញ្ញាត ឲ្យបើកទ្វាឡើងវិញទេ ក្នុងនោះមានភោជនីយដ្ឋាន ហាងកាហ្វេ និងសណ្ឋាគារជាដើម។ ប៉ុន្តែគម្រោងពិសេសមួយ នឹងត្រូវបង្កើតឡើង សម្រាប់វិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន វប្បធម៌ និងវិស័យជំនាញខាងរៀបចំព្រឹត្តិការណ៍ពិសេសៗ ដោយហេតុថា វិស័យទាំងនេះ បានរងការប៉ះពាល់ធ្ងន់ធ្ងរ និងក្នុងរយៈពេលយូរ។
លោកថា៖
«ការលុបចោលបន្ទុក (សង្គមនិងការបង់ពន្ធ) និងជំនួយឧបត្ថម្ភពិសេស ពីរដ្ឋ នឹងត្រូវដាក់ឲ្យអនុវត្ត សម្រាប់ក្រុមហ៊ុន-សហគ្រាសទាំងនោះ។»
ចាប់ពីថ្ងៃទី១១ ខែឧសភាតទៅ ពលរដ្ឋបារាំងនឹងអាចមាន នូវម៉ាស់ស្ដង់ដារ សម្រាប់ពាក់រៀងៗខ្លួន។ លោក ម៉ាក្រុង ថ្លែងថា រដ្ឋត្រូវផ្ដល់ជូនពលរដ្ឋ នូវម៉ាស់ស្ដង់ដារ ម្នាក់មួយៗ សម្រាប់ពលរដ្ឋ ដែលធ្វើការងាយប្រឈម នឹងការឆ្លងរោគ (ដូចជាគ្រូពេទ្យ) និងពលរដ្ឋ ដែលធ្វើការជាប់ជាមួយ នឹងសាធារណជន (ដូចជាអ្នកបើករថយន្ដក្រុង)។
ប្រមុខរដ្ឋបារាំង បានបញ្ជាក់ក្នុងនាម ជាមេដឹកនាំមួយរូប នៃសហភាពអ៊ឺរ៉ុបថា ព្រំដែនអ៊ឺរ៉ុបជាមួយប្រទេសក្រៅអ៊ឺរ៉ុប នៅតែបន្តបិទ រហូតដល់មានបទបញ្ជាថ្មី។
លោក អេម៉ានុយអែល ម៉ាក្រុង ចង់ឲ្យមានកិច្ចពិភាក្សាមួយ នៅរដ្ឋសភា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១១ ខែឧសភា ជុំវិញបច្ចេកវិទ្យា នៅលើទូរស័ព្ទដៃ របស់ពលរដ្ឋ ដើម្បីអាចកំណត់ដឹង ពីអ្នកផ្ទុកមេរោគ «Covid-19» និងចង់ឲ្យមានការធានាថា បច្ចេកវិទ្យានេះ នឹងមិនប៉ះពាល់ ដល់សិទ្ធិសេរីភាពបុគ្គល របស់ពលរដ្ឋឡើយ។
លោកថ្លែងថា៖
«គំនិតបង្កើតថ្មីជាច្រើន កំពុងសិក្សា ជាមួយដៃគូអ៊ឺរ៉ុបរបស់យើង ក្នុងការបង្កើតកម្មវិធីពិសេស សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ដែលអាចលាក់អត្តសញ្ញាណ និងដែលស្ម័គ្រចិត្តចង់មាន ឬមិនចង់មាន ទំនាក់ទំនងជាមួយមនុស្ស ដែលមានផ្ទុកមេរោគ។ រដ្ឋាភិបាលនឹងធ្វើការសិក្សា ឲ្យបានស៊ីជម្រៅ ពីគំនិតបង្កើតថ្មីទាំងនោះ។»
ប្រទេសបារាំង និងសហភាពអ៊ឺរ៉ុប នឹងជួយទ្វីបអាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ «កូរូណា» ឬ «Covid-19» ដោយលប់ចោលនូវបំណុលជាច្រើន។
ប្រធានាធិបតីបារាំង បានអះអាងថា៖
«បន្ទាប់ពីពង្រឹងអ៊ឺរ៉ុបឡើងវិញ យើងត្រូវជួយទ្វីប ដែលនៅជិតយើង ក្នុងការប្រយុទ្ធប្រកបដោយប្រសិទ្ធិភាព ទល់នឹងមេរោគ។ យើងក៏នឹងជួយពួកគេដែរ នៅការផ្ដល់សន្ទុះសេដ្ឋកិច្ច ដោយលុបចោល នូវបំណុលជាច្រើន របស់ពួកគេ៕»