«យើងឈានមកដល់ រលកទី៤» នេះ ជាការប្រកាសឡើង របស់នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាការពារជាតិ ដែលបានបញ្ជាក់ឲ្យដឹង អំពីតួលេខនៃការឆ្លងជំងឺកូវីដ-19 (Covid-19) ថាបានហក់ឡើង ក្នុងកម្រិត ១៤០% ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍«TF1» កាលពីប៉ុន្មាននាទីមុន លោកនាយករដ្ឋមន្ត្រីបានអះអាងថា អ្នកជំងឺប្រមាណជា ៩៦% ពីចំណោមអ្នកជំងឺ ១៨,០០០នាក់ សុទ្ធសឹងជាអ្នកជំងឺ ដែលមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំង។
តួលេខខាងលើ តម្រូវឲ្យរដ្ឋាភិបាលរបស់លោក កាស្ដិក ចាំបាច់ត្រូវបង្កើនសន្ទុះយុទ្ធនាការចាក់វ៉ាក់សាំង ឲ្យបានច្រើនបំផុត តាមរយៈការបង្កើតមណ្ឌលចាក់វ៉ាក់សាំងថ្មី ចំនួន៥លានកន្លែងថែមទៀត ក្នុងរយៈពេល២សប្ដាហ៍ខាងមុខ។
ធៀបនឹងគោលដៅ ដែលបានកំណត់កាលពីខែមិថុនា (ដែលថា ពលរដ្ឋទទួលវ៉ាក់សាំងលើកទី១ នឹងកំណត់ឲ្យបាន រហូតដល់៤០លាននាក់ នៅត្រឹមចុងខែសីហាខាងមុខ) លោក ហ្សង់ កាស្ដិក បញ្ជាក់ឡើងវិញថា គោលដៅនេះត្រូវបានកំណត់ជាថ្មី គឺរហូតដល់៥០លាននាក់ នៅក្នុងរយៈពេលដូចគ្នា។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖
«វាជាគោលដៅ ដែលមានមហិច្ឆិតាខ្លាំង ប៉ុន្តែវាក៏បង្ហាញផងដែរថា យើងបានយល់ច្បាស់ណាស់ ពីភាពធ្ងន់ធ្ងរ នៃស្ថានភាពរាតត្បាត។»
ជុំវិញគម្រោងច្បាប់ ដែលកំពុងស្ថិតក្នុងដៃរដ្ឋសភា ហើយដែលនឹងកំណត់ ឲ្យមានការត្រួតពិនិត្យ អំពី«លិខិតបញ្ជាក់សុខភាព (le Pass Sanitaire)» នៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន រោងភាពយន្ដ សារមន្ទីរ… និងនៅតាមការដឹកជញ្ជូនសាធារណៈនោះ ត្រូវបានលោក កាស្ដិក បញ្ជាក់ថា វាជាការត្រួតពិនិត្យ ដែលទទួលបន្ទុកដោយម្ចាស់ទីកន្លែងទាំងនោះ តែពួកគេគ្មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យលើអត្តសញ្ញាណរបស់អ្នកកាន់«លិខិតបញ្ជាក់សុខភាព»នេះទេ។
បន្ទាប់ពីច្បាប់នេះ ត្រូវបានចូលឲ្យអនុវត្តន៍ជាធរមានរួច ពលរដ្ឋមានរយៈពេល១សប្ដាហ៍ ដើម្បី«ស្វែងយល់ និងអនុវត្ត» ដោយគ្មានការផាកពិន័យ។ តែលោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ពេលវេលានៃការផាកពិន័យ» នឹងចូលជាធរមាន នៅពេលបន្ទាប់មក។
ដោយឡែក «លិខិតបញ្ជាក់សុខភាព»មិនត្រូវបានអនុវត្ត នៅតាមសាលារៀននានានោះទេ។ នេះ ជាចំណុចសំខាន់មួយទៀត ដែលលោក កាស្ដិក លើកឡើង បើទោះជារដ្ឋាភិបាលលោក គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់សិស្សជំទង់ រាប់ពីអាយុ១២ ដល់១៧ឆ្នាំនោះក្ដី។ យ៉ាងណា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុវត្ត«លិខិតបញ្ជាក់សុខភាព»នឹងដើរជាជំហានៗ ហើយថាសិក្សានុសិស្ស នឹងធ្វើការចាក់វ៉ាក់សាំង នៅខាងក្នុងសាលារបស់ពួកគេតែម្ដង។
ជាចុងក្រោយ លោក ហ្សង់ កាស្ដិក បានព្រមានក្រុមពលរដ្ឋ ដែលមិនពេញចិត្ត នឹងការចាក់វ៉ាក់សាំង ហើយបានគម្រាមបង្កអំពើហិង្សា។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹង«មិនយោគយល់»សោះឡើយ ចំពោះក្រុមពលរដ្ឋទាំងនោះ ដែលយកសញ្ជា«ផ្កាយពណ៌លឿង» ឬសញ្ញា«ខ្វែង (Shoah)» មកធ្វើជានិមិត្តសញ្ញានៃចលនាទាមទាររបស់ពួកគេ ហើយ«វាយប្រហារ» ទៅលើការិយាល័យសមាជិកសភា ឬ«បង្កអគ្គិភ័យ» ទៅលើមណ្ឌលចាក់វ៉ាក់សាំង៕