នាវាយក្សផ្ទុកយន្ដហោះចម្បាំងបារាំង ដែលកំពុងធ្វើដំណើរ លើមហាសាគរ អាត្លង់ទិក បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួនសម្រេចពន្លឿន ការវិលត្រឡប់មកកាន់ទឹកដីបារាំងវិញ យ៉ាងលឿនតាមតែអាចធ្វើបាន បន្ទាប់ពីរកឃើញ ករណីឆ្លងជំងឺ «Covid-19» នៅលើនាវា។
ក្រសួងកងទ័ពរបស់ប្រទេសបារាំង បានប្រកាសនៅថ្ងៃសុក្រ ទី១០ ខែមេសានេះថា លទ្ធផលនៃការធ្វើតេស្ដិ៍ទៅលើយោធា ៦៦នាក់ នៅលើនាវា«Charles-de-Gaulle» បានបង្ហាញលទ្ធផលថា ទាហាន៥០នាក់ បានផ្ទុកមេរោគ «Covid-19»។ តែក្រសួងបានបញ្ជាក់ថា គេមិនទាន់រកឃើញ ពីករណី«ធ្ងន់ធ្ងរ»នៅឡើយទេ មកទល់នឹងម៉ោងនេះ ហើយថា ទាហាននៅលើនាវា បានពាក់ម៉ាស់ទាំងអស់គ្នា។
ក្រសួងបានអះអាងទៀតថា ទាហាន៣នាក់ ត្រូវបានជម្លៀសចេញ ពីនាវាយក្ស តាមឧទ្ធម្ភាគចក្រ មកកាន់ឆ្នេរ នៃប្រទេសព័រទុយហ្គាល់ មុននឹងពួកគេ ត្រូវបានបញ្ជូនជាបន្ត តាមយន្ដហោះវេជ្ជសាស្ត្រ ប្រភេទ «Falcon 900» មកកាន់មន្ទីរពេទ្យយោធា «Sainte-Anne» នៅក្រុងទូឡុង (Toulon ភាគខាងត្បូងបារាំង)។
ការជម្លៀសខាងលើ មិនមែនដោយសារទាហានទាំងបីរូប មានស្ថានភាពធ្ងន់ធ្ងរ ឬមានលក្ខណៈពិសេសជាងគេទេ តែជាការជម្លៀស ក្រោមមូលហេតុ ដើម្បី«រក្សាសមត្ថភាពវេជ្ជសាស្ត្រ» នៅលើនាវា សម្រាប់ទាហាន ដែលធ្លាក់ខ្លួនឈឺផ្សេងទៀត។
មូលហេតុដែលនាំឲ្យ ឆ្លងជំងឺដ៏ចង្រៃ ឡើងទៅលើនាវាយក្ស ខណៈនាវាកំពុងស្ថិតនៅ កណ្ដាលមហាសាគរនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ។ ប្រភពបានឲ្យដឹងថា នាវាមិនមានទំនាក់ទំនង ជាមួយដីគោក រាប់ចាប់តាំងពីថ្ងៃទី១៥ ខែមីនាកន្លងមក។
នាវាយក្សផ្ទុកយន្ដហោះចម្បាំងបារាំង ដែលប្រើថាមពលនុយក្លេអែរ ឈ្មោះ «Charles-de-Gaulle» មួយនេះ ជានាវាយក្សផ្ទុកយន្ដហោះចម្បាំង ទីពីរ ដែលត្រូវបានវាយលុក ដោយមេរោគ «Covid-19» បន្ទាប់ពីនាវាយក្សអាមេរិក «USS Theodore Roosevelt»។
នាវា«USS Theodore Roosevelt» របស់សហរដ្ឋអាមេរិក ដែលបានធ្វើប្រតិបត្តិការ នៅលើមហាសាគរ ប៉ាស៊ីភិក បានវិលទៅកាន់បន្ទាយ នៅលើកោះ«Guam»វិញ កាលពីដើមខែមេសាកន្លងទៅ បន្ទាប់ពីទាហានច្រើនរយនាក់ ត្រូវបានរកឃើញ បានឆ្លងមេរោគខាងលើ។ មុនការរាតត្បាតដ៏សម្បើមនេះ នាវាយក្សមួយនេះ បានឈប់សំចតនៅខេត្ត «Danang» ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែមីនា៕