បារាំង

Covid-19 ៖ បារាំង​ឈានទៅ​ប្រកាស​ដាក់​ប្រទេស​ក្នុង​«ភាពអាសន្ន»

បារាំងកំពុងគ្រោង​ប្រកាស ដាក់ប្រទេស​ទៅក្នុង​«ភាពអាសន្ន»ផ្នែកសុខភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងមេរោគ «កូរូណា» ឬ «Covid-19»។ នាយករដ្ឋមន្ត្រី​បារាំង​បានថ្លែង​ឡើងដូច្នេះ កាលពីយប់ម្សិលម៉ិញ នៅខណៈពេលដែលប្រទេសនេះ បានឈាន​មក​ដល់ថ្ងៃទី៣ នៃការដាក់ពលរដ្ឋ ឲ្យធ្វើការបង្ខាំងខ្លួន រស់នៅក្នុងផ្ទះ និងបម្រាម​ការចេញ​ធ្វើដំណើរ។

ដើម្បីឈាន​ទៅដាក់ប្រទេស ក្នុង«ភាពអាសន្ន» រដ្ឋសភាបារាំង​នឹងត្រូវបោះឆ្នោត​អនុម័ត្រ ក្នុងថ្ងៃ​ព្រហស្បត្តិនេះ ឬយ៉ាងយូរបំផុត ក្នុងថ្ងៃសុក្រស្អែក។ ការអនុម័ត្រនេះ នឹងត្រូវនាំ​មកជាមួយ​ផងដែរ នូវផែនការ​ដើម្បីសង្គ្រោះសេដ្ឋកិច្ច ខណៈប្រទេសទាំងមូល បានជាប់​គាំង តាំងពីថ្ងៃចន្ទមក។

បន្ទាប់ពីការប្រកាស«ភាពអាសន្ន» ត្រូវបានរដ្ឋសភាបារាំង អនុម័ត្រយល់ព្រមរួច រដ្ឋាភិបាលបារាំងនឹងចេញក្រឹត្យមួយ ដើម្បីពន្យល់ពីផែនការរបស់ខ្លួន ក្នុងការស្ដារ​ស្ថានភាព​ប្រទេស ទល់នឹងវិបត្តិមួយនេះ ដែល«មិនធ្លាប់មានពីមុនមក»។

ល្បឿននៃការរាតត្បាតរោគ «Covid-19» កំពុងបោះពួយទៅមុខ។ គ្រាន់តែអ្នកជំងឺ ដែលបានស្លាប់ កាលពីម្សិលម៉ិញ (ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ) មានចំនួន​៨៩នាក់ ពីក្នុងចំណោមអ្នកស្លាប់ ២៦៤នាក់ បើរាប់តាំងពីដំបូងមក។ អ្នកឆ្លងជំងឺនេះ ចំនួន ៣៦៣៦នាក់ កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្នុងនោះ ៩៣១នាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

វិបត្តិសុខភាព ដែលពិភពលោកទាំងមូល កំពុងឆ្លងកាត់ បានតម្រូវឲ្យ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រកាស«សង្គ្រាម» ប្រឆាំងនឹងមេរោគដ៏ចង្រៃ កាលពីយប់ថ្ងៃចន្ទ។

ពលរដ្ឋបារាំងក្នុងប្រទេស ទាំងជាង៦៦លាននាក់ ត្រូវបង្ខំឲ្យបង្ខាំងខ្លួន នៅក្នុងផ្ទះ និងហាមរាល់ការធ្វើដំណើរ ដែលមិនចាំបាច់។ កងកម្លាំងនគរបាល ប្រមាណជាង១០០ ០០០នាក់ ត្រូវបានដាក់ពង្រាយ នៅលើផ្ទៃប្រទេស ហើយការផាកពិន័យ នឹងធ្វើឡើង ចំពោះបុគ្គលណា ដែលល្មើសនឹងបម្រាមខាងលើ។

យ៉ាងណា ក្រសួងមហាផ្ទៃបារាំង បានបញ្ចេញតួលេខឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោង​ចុងក្រោយ មនុស្ស៤០៩៥នាក់ បានរងការផាកពិន័យ (ក្នុងម្នាក់ ១៣៥អ៊ឺរ៉ូ) បន្ទាប់ពី​ពួកគេ ត្រូវបានកម្លាំងនគរបាល ត្រួតពិនិត្យ និងរកឃើញថា បានធ្វើដំណើរ ចេញក្រៅ​គេហដ្ឋាន ដោយគ្មានភាពចាំបាច់ និងគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។