បារាំង

បាតុកម្មអាវកាក់លឿង៖ នគរបាល​ដក​កាំភ្លើង ក្នុង​ការ​ប្រឈម​មួយ

ស្ថានការណ៍នៅល្ងាចថ្ងៃសៅរ៍ ម្សិលម៉ិញ កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានប្រែក្លាយភាពតានតឹង ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលខ្លីមួយ រវាងក្រុមបាតុករ អាវកាក់លឿង និងកងកម្លាំងនគរបាល ដែលជិះម៉ូតូ ប្រមាណជាបីនាក់ នៅលើដងមហាវិថី «Champs-Elysées» ដ៏ល្បី។

ប៉ុន្តែនៅក្នុងពេលដ៏ខ្លីនេះ រឿងរ៉ាវអាចប្រែក្លាយជាធ្ងន់ធ្ងរ និងបង្កគ្រោះ ទៅដល់ក្រុមភ្នាក់ងារនគរបាលទាំងនោះបាន។ ដោយទំនងជាហេតុនេះ ទើបគេឃើញ​ភ្នាក់ងារម្នាក់ បានដកកាំភ្លើង ភ្ជង់ទៅបាតុករ មុននឹងក្រុមនគរបាលទាំងនោះ បានលោតឡើងជិះម៉ូតូ ដើម្បីរំដោះខ្លួន គេចចេញភ្លាមៗ ពីកន្លែងកើតហេតុ ដោយទុកម៉ូតូមួយគ្រឿង ចោលនៅទីនោះ។

យ៉ាងណា កងកម្លាំងនគរបាល បានគ្រប់គ្រងស្ថានការណ៍បាន ក្នុងប៉ុន្មាននាទីក្រោយមក ហើយម៉ូតូនគរបាល ក៏ត្រូវបានអាជ្ញាធរ ដណ្ដើមយកមកវិញដែរ (សូមមើលវីដេអូខាងក្រោម)។

អ្នកជំនាញផ្នែកច្បាប់ បានថ្លែងតាមទូរទស្សន៍ក្នុងស្រុកថា កាយវិការដកកាំភ្លើងភ្ជង់ ទៅរកបាតុករ ដែលជាជនស៊ីវិល តម្រូវឲ្យភ្នាក់ងារនគរបាលរូបនោះ ត្រូវធ្វើរបាយការណ៍ ជាលាយលក្ខណ៍អក្សរ ឡើងទៅថ្នាក់លើរបស់ខ្លួន បើទោះជាការដកកាំភ្លើងនេះ ធ្វើឡើងដើម្បីរំដោះសហសេវិកខ្លួនក្ដី។

នៅក្នុងវីដេអូ គេឃើញក្រុមនគរបាល កំពុងលើកម៉ូតូទាំងត្រដាប់ត្រដួស ដោយហេតុថា បាតុករច្រើននាក់ បានបើកការវាយប្រហារ មកលើខ្លួន ក្នុងនោះមាន ទាំងការបោះវត្ថុរឹងជាច្រើន មកលើផង។

កាយវិការរបស់ក្រុមបាតុករ ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃបារាំង ប្រតិកម្មក្នុងជំហានដំបូង និងប្រធានាធិបតីបារាំង លោក អេម៉ានុយអេល ម៉ាក្រុង (Emmanuel Macron) ប្រតិកម្មនៅពេលក្រោយមក ថាជាទង្វើ ដែលមិនអាចទទួលយកបាន។ លោក ម៉ាក្រុង បានថ្លែងឡើងថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ហើយបាតុករ ដែលប្រើអំពើហិង្សា មកលើក្រុមនគរបាល នឹងត្រូវនាំខ្លួន មកផ្ដន្ទាទោស៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។