បារាំង

គ្រាប់បែក​បង្កៃ​នៅ​លីយ៉ុង៖ អាជ្ញាធរ​បារាំង​បាន​ឃាត់ខ្លួន មនុស្ស​៤នាក់

ជាសរុប មនុស្ស​៤នាក់ ត្រូវបានអាជ្ញាធរបារាំង​ឃាត់ខ្លួន រាប់ចាប់តាំង​​ពីព្រឹកថ្ងៃចន្ទនេះ​មក នៅក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែក ក្នុងកញ្ចប់ផ្លុងចោលកណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) ដែលបានកើតឡើង កាលពីថ្ងៃសុក្រមុន។

ជនសង្ស័យសំខាន់បំផុត នៅក្នុងសំនុំរឿងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន បានមុនគេ ក្នុងវេលាព្រឹកព្រលឹម នៅខណៈពេលជននេះ បានចុះចេញពីរថយន្ដក្រុង។ ជនសង្ស័យ ត្រូវបានតាមដានដោយក្រុមនគរបាលសម្ងាត់ មុននឹងត្រូវបានឃាត់ខ្លួន នៅម៉ោងប្រមាណជាង៩ព្រឹក។

ភ្លាមៗ ក្រោយការឃាត់ខ្លួន លោក គ្រីស្ដូហ្វ កាស្តាណេ (Christophe Castaner) រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានចេញមកអះអាង ពីឃាត់ខ្លួនខាងលើ តាមរយៈទំព័រទ្វីសធើររបស់លោក។

ទូរទស្សន៍ក្នុងស្រុក «BFMTV» ដែលផ្សាយព័ត៌មានបន្តផ្ទាល់ បានអះអាង ជនសង្ស័យរូបនេះ ជាជនជាតិអាហ្សេរី ដែលមកដល់ប្រទេសបារាំង កាលពីមួយឆ្នាំមុន។ យុវជនអាយុ២៤ឆ្នាំរូបនេះ បានចុះឈ្មោះជានិស្សិតវិស្វកម្ម ផ្នែកព័ត៌មានវិទ្យា និងមិនដែល​ត្រូវបាន​អាជ្ញាធរស្គាល់​ ក្នុងបទល្មើសផ្សេងៗពីមុន​មកទេ។

បន្ទាប់មក អាជ្ញាធរបានឃាត់ខ្លួន​មនុស្ស៣នាក់ទៀត ក្នុងនោះមានឪពុកម្ដាយ និងមិត្តជិតដិត របស់ជនសង្ស័យខាងលើ។

អ្នកសារព័ត៌មានមួយរូប របស់ទូរទស្សន៍ «BFMTV» ដែលជំនាញខាងការប្រមាញ់ព័ត៌មានភេរវកម្ម បានបញ្ជាក់ថា អ្នកទាំងបីត្រូវបានឃាត់ខ្លួន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ដើម្បីស្វែងរកបណ្ដាញ ឬអ្នកឃុបឃិត។ តែពួកគេមិនមែនត្រូវបានឃាត់ខ្លួន ក្រោមហេតុផលថា ពួកគេជាជនសង្ស័យនោះទេ។ បងស្រីម្នាក់របស់ជនសង្ស័យ ក៏ត្រូវបាននគរបាលហៅ ទៅសាកសួរដែរ។

វេលារសៀល (ថ្ងៃចន្ទនេះដដែល) កងកម្លាំងនគរបាលបានចូលទៅឆែកឆេរ ក្នុងគេហដ្ឋាន របស់ក្រុមគ្រួសារជនសង្ស័យ ដែលស្ថិតនៅតំបន់ជាយក្រុង ភាគខាងត្បូងនៃក្រុងលីយ៉ុង។

បើតាមស្ថាប័នអយ្សការនៃរដ្ឋធានីប៉ារីស ជំនាញខាងប្រឆាំងភេរវកម្ម បានឲ្យដឹងថា យុវជនខាងលើ រងការសង្ស័យថា បានឆ្នៃនិងបំផ្ទុះគ្រាប់បែកបង្កៃ ដែលដាក់ផ្លុងចោល នៅក្នុងកញ្ចប់មួយ ខាងមុខហាងនំប៉័ង ដែលសម្បូរដោយមនុស្សម្នាដើរកាត់។ មនុស្ស១៣នាក់បានរងរបួស ពីការបំផ្ទុះនេះ ក្នុងនោះ៨នាក់ជាស្ត្រី និងម្នាក់ជាកុមារីអាយុ១០ឆ្នាំ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។