កម្រមាន

«ចោរប្លន់»ម្នាក់នេះ មិនគួរ​ចង់​ប្លន់​យក​ទូរស័ព្ទដៃ​ពីនាង​ទេ…

«ចោរប្លន់» ៖ ដូចស្ត្រីទូទៅទាំងឡាយដែរ… នាង «Polyana Viana» បានចុះមកចាំរថយន្ដឈ្នួល នៅខាងមុខផ្ទះរបស់នាង ដែលស្ថិតនៅក្រុង «Jacarepagua» ភាគខាងលិច នៃក្រុង «Rio de Janeiro» (ប្រទេសប្រេស៊ីល) កាលពីយប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមកនេះ។ រំពេចនោះ ស្រាប់តែមានបុរសម្នាក់ បានរំកិលខ្លួន ដើរមកជិតនាង…

បុរសបានសួរជាសំនួរ ចង់ដឹងពីម៉ោង ទៅកាន់នាង «Polyana Viana» ហើយយុវតីរូបនេះ ក៏បានឆ្លើយតបទៅវិញ ដូចធម្មតា ដោយបានគិតថា បន្ទាប់ពីឆ្លើយប្រាប់ហើយ បុរសម្នាក់នេះ នឹងដើរចេញទៅវិញ។ តែមិនអញ្ចឹងទេ…

បុរសដ៏ចម្លែក បាននិយាយ បែបបង្គាប់បញ្ជារ ទៅកាន់យុវតីថា៖

«ឲ្យទូរស័ព្ទអ្នកឯងមកខ្ញុំ! ហើយកុំសាកល្បងប្រកែក អ្វីទាំងអស់ ព្រោះខ្ញុំមានអាវុធ!»

ខាងលើនេះ ជាការរៀបរាប់ឡើង របស់យុវតី «Polyana Viana» ដែលជាកីឡាការនីដ៏ជំនាញ ខាងគុនចម្រុះ ក្របខណ្ឌ «MMA» ប្រាប់ទៅសារព័ត៌មានក្នុងប្រទេសប្រេស៊ីល អំពីអ្វី ដែលកីឡាការិនី អាយុ២៦ឆ្នាំរូបនេះ បានជួបប្រទះ កាលពីចុងសប្ដាហ៍កន្លងមក។

នាងបានបន្តទៀតថា៖

«ចោរហ្នឹង នៅឈរជាប់ខ្ញុំ ដែលធ្វើឲ្យខ្ញុំគិតថា បើវាមានអាវុធមែន គឺវាពិបាកនឹងដក​ចេញ យកមកប្រើណាស់។»

មិនពិចារណាច្រើនទៀតទេ យុវតី «Polyana Viana» បានចាប់បុរស បោកផូសទៅលើដី និងបញ្ចេញកណ្ដាប់ដៃ ជាច្រើនដង ដាល់សំដៅមុខបុរស រហូតដល់ថ្នាក់ ដូចដែលឃើញក្នុងរូបថត!

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។