កម្រមាន

កើតមក«គ្មានភ្នែក​គ្មានច្រមុះ» តែទើប​ទទួល​សញ្ញាប័ត្រពី​សាកលវិទ្យាល័យ

ថ្ងៃនេះ យុវតី «Cassidy Hooper» មានអាយុ២២ឆ្នាំហើយ។ នាងបានចាប់កំណើតមក «គ្មានភ្នែក​គ្មានច្រមុះ» ដូចគេឯងឡើយ។ យុវតីជាតិអាមេរិកាំងរូបនេះ តែងព្យាយាមចង់ដឹងពីមូលហេតុ ដែលនាងចាប់កំណើតមកដូច្នេះ តែគ្មានអ្នកវិទ្យាសាស្ត្រណា អាចពន្យល់នាងបានទេ។

យ៉ាងណា នាងមានក្ដីសង្ឃឹមបន្តិចមកវិញ៖ គឺនៅឆ្នាំ២០១៣ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ មិនតិចជាង១០ដង ហើយបានអនុញ្ញាតឲ្យកញ្ញា អាចមានខ្ទង់ច្រមុះ បានដូចអ្នកផងទាំងឡាយ។ តែភាពពិការភ្នែករបស់នាង នៅតែគ្មានគ្រូពេទ្យណា អាចព្យាបាលបានឡើយ។

ហួសពីអ្វី ដែលយុវតីខ្លួនឯង និងមនុស្សនៅជុំវិញ មានក្ដីរំភើបរកស្មានមិនត្រូវនោះ គឺនាងទើបនឹងបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រ កម្រិតសាកលវិទ្យាល័យ កាលពីសប្ដាហ៍មុន ពីគ្រឹះស្ថាន «Central Piedmont Community College» នៃក្រុង «Charlotte» ដែលជាទឹកដីភូមិកំណើតរបស់នាង។

នៅចំពោះអ្នកសារព័ត៌មាន យុវតីពិការដែល​ទើបទទួលបាន​សញ្ញាប័ត្រថ្មីៗ បានថ្លែងឡើង​ថា៖

«ខ្ញុំពិតជានៅទីនេះ ហើយខ្ញុំពិតជាធ្វើបាន… តែសុំនិយាយបន្តិច ថាតើនេះពិតជាអ្វី ដែលកំពុងកើតឡើងមែនឬ? តើខ្ញុំកំពុងយល់សុបិន្ដ ឬក៏ខ្ញុំបានភ្ញាក់ពីដំណេកហើយ? ពេលវេលាពិតជាកន្លងទៅលឿនមែន។»

អំណឹះតទៅ កញ្ញា «Cassidy Hooper» បានថ្លែងថា នាងមានបំណងចង់ធ្វើការ នៅក្នុងស្ថានីយវិទ្យុ ឬបើអាចបាន នាងចង់ក្លាយជាមន្ត្រី នៅក្នុងក្រសួងកិច្ចការសាសនា៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: EducationUSA