ក្នុងរដ្ឋអារីហ្សូណា (Arizona) ភាគខាងលិចសហរដ្ឋអាមេរិក គិលានុបដ្ឋាកមួយរូប ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានសង្ស័យបុរសថែទាំអ្នកជំងឺរូបនេះ ថាបានចាប់រំលោភស្ត្រីអ្នកជំងឺម្នាក់ ដែលសន្លប់ស្ដូកស្ដឹងមិនដឹងស្មារតី តាំងពីច្រើនជាង១០ឆ្នាំមកហើយ ខណៈទារកដែលកើតមក ត្រូវបានរកឃើញថាមាន «DNA ដូច»ជនសង្ស័យ។
នគរបាលបានប្រកាស កាលពីថ្ងៃពុធសប្ដាហ៍មុនថា ស្ត្រីរងគ្រោះ ដែលសន្លប់មិនដឹងខ្លួន តាំងពីច្រើនឆ្នាំនោះ ស្រាប់តែផើមមានផ្ទៃពោះឡើង ហើយបានប្រសូតបានទារកមួយរូប កាលពីថ្ងៃទី២៩ ខែធ្នូកន្លងមក។ នគរបាលបន្តថា «DNA» របស់ទារក មានលក្ខណៈដូចជនសង្ស័យបេះបិត ដែលអនុញ្ញាតឲ្យអាជ្ញាធរ ឈានទៅឃាត់ខ្លួនគិលានុបដ្ឋាកខាងលើ។
នាយតម្រួតក្រុង «Phoenix» បានបញ្ជាក់ទៀតថា បុរសថែទាំអ្នកជំងឺ ឈ្មោះ «Nathan Sutherland» អាយុ៣៦ឆ្នាំ បានរងការចោទពីករណី ពីសំណាក់តុលាការ (១) រំលោភសេពសន្ធវៈ និង(២) បំពានទៅលើនីតិជនងាយរងគ្រោះម្នាក់។
សេចក្ដីជូនដំណឹងមួយ ពីមជ្ឈមណ្ឌលសុខភាព ដែលជាកន្លែងកើតហេតុ បានឲ្យដឹងថា នាយកគ្រប់គ្រងមជ្ឈមណ្ឌល បានលាលែងចេញពីតំណែង បន្ទាប់ពីរឿងអាស្រូវនេះ បានបែកធ្លាយ។
នាយនគរបាលក្រុងបានបន្តថា៖
«ចំពោះទារកវិញ បើតាមគេឲ្យខ្ញុំដឹង ថាមានសុខភាពល្អធម្មតា។»
ទារកខាងលើបានកើតចំគ្រួសារ (ជនរងគ្រោះ) ដែលគួរឲ្យស្រឡាញ់ ហើយពួកគេបានចិញ្ចឹមបីបាច់ទារកល្អខ្លាំងណាស់។ នេះបើតាមមេធាវី របស់គ្រួសារស្ត្រីរងគ្រោះ ដែលត្រូវបានស្រង់សំដីដោយសារព័ត៌មាន «New York Times»៕