កម្រមាន

វៀតណាម៖ ទារិកាអាយុ​២ខួប ធ្លាក់ពីជាន់​ទី១២​នៃអគារ តែនៅរស់…

ចយអើយ! បន្ទាប់ពីបានព្យាយាម​តោងរានហាល​មួយសន្ទុះ ទារិកាអាយុ​២ខួប មួយរូប បានផុតដៃពីជាន់ទី១២ ធ្លាក់ចុះមកក្រោម នៃអគាររស់នៅមួយ ក្នុងរដ្ឋធានីហាណូយ (ប្រទេសវៀតណាម) កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈកន្លងមក។ ឈុតឆាកដ៏រន្ធត់ ត្រូវបានថតជាប់ជាវីដេអូ​ដោយអ្នកជិតខាង ជាមួយនឹងសម្រែកឆោឡោខ្លាំងៗ។

តែរូបភាពខាងលើ មិនបានថតជាប់ នៅពេលទារិកាធ្លាក់មកដល់ក្រោមទេ ហើយនាងតូចក៏មិនបានស្លាប់ដែរ ដោយសារ​បុរសអ្នកដឹកទំនិញម្នាក់ បានស្ទុះចេញពីរថយន្ដរបស់ខ្លួន និងផ្លោះឡើងលើដំបូលកំណាត់មួយ ដើម្បីទៅទ្រទារិកាទាន់ពេល។

ស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសវៀតណាម បុរសអាយុ៣១ឆ្នាំ ឈ្មោះ«Nguyen Ngoc Manh» បានឲ្យដឹងថា៖

«ភ្លាមៗនោះ ខ្ញុំបានលោតចេញពីរថយន្ដខ្ញុំ ហើយខ្ញុំបានរកឃើញមធ្យោបាយ ដើម្បីផ្លោះឡើង​លើអគារមួយ នៅជិតនោះ។ ខ្ញុំបានឡើងលើដំបូលកំណាត់ ដែលមានកំពស់ប្រមាណជាង២ម៉ែត្រ និងត្រៀមចាំទ្រ ទទួលយកទារិកា ដែលធ្លាក់ពីលើមក។»

ទារិកាអាយុ​២ខួប បានរងគ្រោះបាក់ដៃម្ខាង និងជើងម្ខាង។ បន្ទាប់ពីត្រូវបានបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រុមគ្រូពេទ្យអះអាងថា នាងតូចស្ថិតក្នុងស្ថានភាពធម្មតា និងអាចព្យាបាល (តឆ្អឹងដៃ-ជើង) ឲ្យជាសះស្បើយវិញបាន។ មូលហេតុដែលធ្វើឲ្យទារិកា​ទទួលគ្រោះថ្នាក់ ធ្លាក់ពីជាន់ទី១២ មិនត្រូវបាន​រាយការណ៍ឲ្យដឹងទេ។

ចំណែកឯបុរស «Nguyen Ngoc Manh» វិញ បានរងរបួសសើរស្បែកបន្តិចបន្តួច និងត្រូវបានគេចាត់ទុក ថាជា«វីរបុរស» ជាមួយនឹង​«ប័ណ្ណសរសើរ»​ជាច្រើន។ ក្នុងច្បាប់ចេញផ្សាយ ថ្ងៃទី២ ខែមីនានេះ សារព័ត៌មាន «VietNam News» បានដាក់​រូបថតរបស់បុរស នៅនឹងទំព័រមុខរបស់ខ្លួន ជាមួយនឹងចំណងជើងធំៗ ដូច្នេះថា «Super Manh»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: ChildVietnam