ជួបជាមួយប្រធានាធិបតីអាមេរិក តាមរយៈទូរស័ព្ទ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានអះអាងថា ប្រទេសរបស់លោក «មិនចង់ឃើញសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយគូសបញ្ជាក់ថា ជម្លោះតាមផ្លូវយោធា «មិនបានផ្ដល់ផលប្រយោជន៍» ដល់នរណាទាំងអស់។
ដកស្រង់ការឆ្លើយឆ្លង កាលពីថ្ងៃទី១៨ ខែមីនា ដែលមានរយៈពេលសរុប ដល់ទៅ២ម៉ោង ដោយទូរទស្សន៍រដ្ឋចិន «CCTV» លោក ស៊ី ជិនពីង បានថ្លែងឡើងថា៖
«វិបត្តិក្នុងប្រទេសអ៊ុយក្រែន មិនមែនជាអ្វីមួយ ដែលយើងចង់ឃើញនោះឡើយ។»
«ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក តួនាទីរបស់យើង មិនមានត្រឹមតែធ្វើឲ្យទំនាក់ទំនង ចិន-អាមេរិក ដើរលើផ្លូវត្រូវប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវមានបន្ទុកបន្ថែម នៃទំនួលខុសត្រូវអន្តរជាតិ នៅក្នុងការងារដើម្បីសន្តិភាព និងភាពស្ងប់ស្ងាត់ ក្នុងពិភពលោក។»
លោកប្រធានាធិបតីចិន បានអះអាងទៀតថា៖
«ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ មិនអាចឈានទៅដល់ការប្រឈមមុខគ្នា តាមផ្លូវអាវុធនោះឡើយ។»
រដ្ឋបាលអាមេរិក បានអះអាងថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានទាក់ទងទូរស័ព្ទ ទៅកាន់ប្រមុខរដ្ឋចិន ដោយធ្វើចេញពីបន្ទប់ស្ថានភាព «Situation Room» នៃសេតវិមាន ដែលជាបន្ទប់ដ៏មានសុវត្ថិភាព និងសម្ងាត់បំផុត។ បន្ទប់សុវត្ថិភាព តែងត្រូវបានប្រធានាធិបតីអាមេរិក យកមកប្រើប្រាស់ ដើម្បីធ្វើការជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ និងសំខាន់ៗ ដើម្បីដោះស្រាយប្រតិបត្តិការ ឬការចរចាណា ដែលមានហានិភ័យខ្ពស់បំផុត។
គោលដៅសំខាន់ នៃការជួបជជែកគ្នានោះ ត្រូវបានអ្នកស្រី «Wendy Sherman» អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ពន្យល់តាមប្រព័ន្ធទូរទស្សន៍ «CNN» ឲ្យដឹងថា៖
«យើងចង់ឱ្យគណបក្សកុម្មុយនិស្តចិន ដែលជាមហាអំណាចដ៏សំខាន់មួយ នៅលើឆាកអន្តរជាតិ យល់ថា អនាគតរបស់ខ្លួន គឺនៅជាមួយសហរដ្ឋអាមេរិក ជាមួយអឺរ៉ុប ជាមួយប្រទេសអភិវឌ្ឍន៍ និងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។ អនាគតរបស់ពួកគេទាំងអស់គ្នានេះ គឺមិនគាំទ្រលោក វ្លាឌីមៀរ ពូទីណ (Vladimir Poutine) ឡើយ។»
នៅមុនការជួបគ្នាតាមទូរស័ព្ទ រវាងប្រមុខរដ្ឋនៃមហាអំណាចទាំងពីរ លោក«Antony Blinken» រដ្ឋមន្ត្រីការបរទេសអាមេរិក បានតម្លើងសម្លេងធ្ងន់ៗ ព្រមានក្រុងប៉េកាំង នៅចំពោះព័ត៌មានដែលថា ប្រទេសចិននឹងជួយជាសព្វាវុធ ទៅដល់កងទ័ពរ៉ុស្ស៊ី ដែលកំពុងព្យាយាមវាយលុក ទៅលើក្រុងសំខាន់ៗ របស់ប្រទេសអ៊ុយក្រែន តែមានភាពមិនចាញ់មិនឈ្នះ។
ប្រមុខការទូតអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រហស្បត្តិ៍ (មួយថ្ងៃមុនជំនួបតាមទូរស័ព្ទ) ថា៖
«យើងមានការព្រួយបារម្ភថា ប្រទេសចិនមានគម្រោងជួយរុស្ស៊ីដោយផ្ទាល់ នូវសព្វាវុធ ដែលនឹងត្រូវយកទៅប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី បៃដិន នឹងនិយាយទៅកាន់លោកប្រធានាធិបតី ស៊ី នៅថ្ងៃស្អែក ហើយបញ្ជាក់ឱ្យច្បាស់ទៅលោកថា ប្រទេសចិននឹងទទួលខុសត្រូវ ចំពោះទង្វើណាមួយ ដែលមានបំណងគាំទ្រការឈ្លានពានរបស់រុស្ស៊ី ហើយថាយើងនឹងមិនស្ទាក់ស្ទើរ ក្នុងការអនុវត្តនោះទេ ទោះក្នុងតម្លៃណាក៏ដោយ៕»