អាស៊ី-ប៉ាស៊ីភិក

ថៃ៖ បាតុកម្ម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បន្ត​«សន្ទុះខ្លាំងក្លា» នៅបាងកក

ផ្ទុយពីបម្រាមរដ្ឋាភិបាល ក្នុងការធ្វើបាតុកម្ម ក្រុមបាតុករជាច្រើនពាន់នាក់ បានបន្ត​ជួបជុំគ្នា និងនៅតែមាន«សន្ទុះខ្លាំងក្លា» នៅកណ្ដាលរាជធានីបាងកក ប្រទេសថៃ ក្នុងថ្ងៃ​អាទិត្យនេះ។ គោលបំណង របស់ក្រុមបាតករ​និយមលិទ្ធិប្រជាធិបតេយ្យទាំងនេះ មិនបានផ្លាស់ប្ដូរទេ នោះគឺស្នើឲ្យនាយករដ្ឋមន្ត្រីសព្វថ្ងៃ ចុះចេញពីតំណែង និងធ្វើការ​កែទម្រង់រាជានិយមថៃ។

កាលពីថ្ងៃសុក្រ ក្រុមអាជ្ញាធរបានបង្ហាញសាច់ដុំ ដោយធ្វើការបង្ក្រាប និងបំបែក​ក្រុមបាតុករ។ ក្នុងឱកាសនោះ ក្រុមនគរបាល បានបាញ់ទឹកទៅលើហ្វូងបាតុករ និងធ្វើការចាប់ខ្លួនមេដឹកនាំបាតុករ ប្រមាណជា២០នាក់។

ចំណាត់ការនោះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ច័ន្ទអស្ចារ្យ (Prayut Chan-O-Cha) បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន និង​ធ្វើការហាមឃាត់ រាល់ការជួបជុំគ្នា លើសពី៤នាក់។

ប៉ុន្តែចំណាត់ការខាងលើ ទំនងជាមិនបានធ្វើឲ្យក្រុមបាតុករ ដែលភាគច្រើន​ជានិស្សិត ចុះញម និងរាថយឡើយ។ បណ្ដាបាតុករ ដែលបង្ហាញម្រាមដៃ៣ ឡើងទៅលើ បានស្រែកឡើងព្រមៗគ្នា ថា «រំលាយរដ្ឋសភា» «របបផ្ដាច់ការដ៏អាម៉ាស់»។ល។

និស្សិតមួយរូប ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីមករាយការណ៍ថា៖

«ខ្ញុំស្នើឲ្យមានសេរីភាព ក្នុងការនិយាយ ពីព្រះមហាក្សត្រ ដែលជាសិទ្ធិស្របច្បាប់។»

ប្រទេសថៃមានច្បាប់ដ៏តឹងតែង ដើម្បីដាក់ពន្ធនាគារ រហូតដល់១៥ឆ្នាំ ទៅលើជនណាក៏ដោយ ដែលនិយាយប៉ះពាល់ ដល់ព្រះមហាក្សត្រ និងព្រះញាតិវង្ស។ ក្រុមបាតុករបានលើកឡើងដែរ ស្នើឲ្យមានតម្លាភាព ចំពោះព្រះរាជទ្រព្យ ដ៏មហាសាល និងស្នើកុំឲ្យព្រះមហាក្សត្រ លូកដៃចូលក្នុងកិច្ចការនយោបាយ។

បន្ថែមពីលើចលនា ដែលបន្តមាន«សន្ទុះខ្លាំងក្លា» នៅកណ្ដាលរាជធានី មេដឹកនាំ​បាតុកម្មបានធ្វើការអំពាវនាវ ឲ្យមានបាតុកម្ម នៅតាមបណ្ដាខេត្តដទៃ និងនៅក្រៅ​ប្រទេស ក្នុងនោះដូចជាក្នុងប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា ឬក្នុងប្រទេស​ណ័រវេសជាដើម។

ប៉ុន្តែការទាមទារខាងលើ របស់ក្រុមបាតុករ មិនត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ច័ន្ទអស្ចារ្យ ស្ដាប់ឮ និងដើរជំហានថយក្រោយទេ។ លោក ប្រយុទ្ធ បានព្រមានតបវិញថា នឹងដាក់បម្រាមគោចរបន្ថែមទៀត ប្រសិនណាជាស្ថានភាពបែបនេះ នៅតែបន្តកើតមាន៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។