ក្នុងថ្ងៃអង្គារទី២០ ខែមករានេះ ស្ត្រីមួយរូប ត្រូវបានតុលាការថៃ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន៤៣ឆ្នាំ ពីបទជេរប្រមាថព្រះញាតិវង្ស ក្រោមមាត្រា១១២ នៃច្បាប់«ប្រមាថព្រះចេស្ដា» ដ៏តឹងតែងរបស់ប្រទេសថៃ។ ក្រុមអ្នកឃ្លាំមើល បានអះអាងថា ការផ្ដន្ទាទោសនេះ មានលក្ខណៈធ្ងន់ធ្ងរបំផុត មិនដែលធ្លាប់មានពីមុន និងជាសញ្ញាគម្រាមមួយ ទៅលើចលនានិយមប្រជាធិបតេយ្យ ដែលទាមទារឲ្យធ្វើការកែទម្រង់ស៊ីជម្រៅ ទៅលើស្ថាប័នព្រះមហាក្សត្រ។
អ្នកស្រី អង់ចន្ទ ដែលធ្លាប់ជាមន្ត្រីរាជការមួយរូបផង ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០១៥ និងត្រូវបានចោទប្រកាន់ ចំនួន២៩ករណី ជុំវិញសាររបស់អ្នកស្រី ដែលបង្ហោះនៅលើបណ្ដាញសង្គម។ អង្គការមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស (Thai Lawyers for Human Rights – TLHR) បានអះអាងថា៖
«អ្នកស្រីត្រូវបានរកឃើញ ថាបានប្រព្រឹត្តិកំហុស នៅរាល់បទចោទ និងត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ៣ឆ្នាំ នៅក្នុងបទចោទនីមួយៗ ដែលធ្វើទោសសរុប (៣x២៩) មានចំនួន៨៧ឆ្នាំ ដែលត្រូវជាប់ក្នុងពន្ធនាគារ។ ហើយដោយសារអ្នកស្រី បានទទួលកំហុស នៅក្នុងបទប្រព្រឹត្តិនោះ តុលាការបានបន្ថយទោស មកត្រឹមតែពាក់កណ្ដាល គឺ៤៣ឆ្នាំ និង១០០ថ្ងៃ។»
មុនការផ្ដន្ទាទោសលើអ្នកស្រី អង់ចន្ទ ទោសដែលធ្ងន់ធ្ងរបំផុត មានត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ ដែលត្រូវបានប្រកាស ដាក់លើបុរសម្នាក់ បន្ទាប់ពីបុរសរូបនោះ បានបង្ហោះ និងធ្វើការបញ្ចេញមតិយោបល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
អ្នកវិភាគនយោបាយ លោក «Titipol Phakdeewanich» មកពីសាកលវិទ្យាល័យ «Ubon Ratchathani» បានបរិហារការផ្ដន្ទាទោសនេះ ថាមាន«ចេតនានយោបាយ» ដើម្បីបំភិតបំភ័យ ទៅលើចលនានិស្សិតសព្វថ្ងៃ ដូចដែលធ្លាប់បានធ្វើ ក្នុងសម័យកាលកន្លងមក។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» អ្នកវិភាគរូបនេះ បានបញ្ជាក់ថា៖
«តែបើគេមើលអំពីទំហំ នៃចលនាយុវជន ដែលចេះតែរីកធំឡើងៗ តាំងពីឆ្នាំកន្លងទៅមកនោះ បង្ហាញថា ច្បាប់នេះមិនមានឥទ្ធិពលអ្វី ដូចដែលរដ្ឋាភិបាលចង់បាននោះទេ។ ផ្ទុយទៅវិញ ការប្រើច្បាប់នេះ នឹងបំផ្លាញកេរ្ដិ៍ឈ្មោះ របស់ស្ថាប័នព្រះមហាក្សត្រ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។»
ចាប់ពីចលនានិយមប្រជាធិបតេយ្យ បានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ២០២០នោះមក ក្រុមសកម្មជននិស្សិត ប្រមាណជាង៤០នាក់ ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ នៅក្រោមមាត្រា១១២ នៃច្បាប់ខាងលើ។ ច្បាប់«ប្រមាថព្រះចេស្ដា»ដ៏តឹងតែង បានចែងផ្ដន្ទាទោស ដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ ទៅលើជនដែលរកឃើញ ថាមានទោស៕