អាស៊ី-ប៉ាស៊ីភិក

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។

ហេតុការណ៍កើតឡើង ក្នុងក្រុង«Mianwali» ដែលជាក្រុងតូចមួយ នៃខេត្ត«Pendjab» ស្ថិតនៅភាគកណ្ដាលនៃប្រទសេប៉ាគីស្ដង់។ សារព័ត៌មានក្នុងស្រុក ឈ្មោះ«Dawn» បានរាយការណ៍ថា បុរស«Shahzaib Khan» ដែលជាឪពុកវ័យក្មេង បានរងការសង្ស័យ ថាបានសម្លាប់នាងតូច «Jannat» ដែលមានអាយុទើបតែ១សប្ដាហ៍ កាលពីថ្ងៃអាទិត្យ (ទី៦ ខែមីនា ឆ្នាំ២០២២) កន្លងមក ភ្លាមៗក្រោយជននេះ បានវិលត្រឡប់​មកដល់ផ្ទះវិញ។

សារព័ត៌មានបន្តថា នៅមុនពេលកើតហេតុ «Shahzaib Khan» បានកំហិតឲ្យភរិយា ប្រគល់កូនស្រីមកឲ្យខ្លួន។ ញាតិមិត្តដែលនៅក្នុងហេតុការណ៍ បានព្យាយាមរារាំងដែរ ដោយហេតុ​ឃើញ «Shahzaib Khan» មានកាំភ្លើង​នៅក្នុងដៃរ តែឪពុកវ័យក្មេង​រូបនេះ បានគម្រាមសម្លាប់ពួកគេ ប្រសិនជាពួកគេហ៊ានធ្វើការរារាំង។

លោក «Hidayatullah Khan» ដែលជាឪពុកមាររបស់ទារិកា (ខាងម្ដាយ) បានឲ្យដឹងថា៖

«វាបានបីកូន នៅក្នុងដៃ រួចបានសម្លាប់នាង ដោយគ្រាប់កាំភ្លើង ៥គ្រាប់ ។»

លោកឪពុកមារ​បានបញ្ជាក់ថា បុរស«Shahzaib Khan» បានសម្ដែងការក្រេវក្រោធយ៉ាងខ្លាំង ព្រោះភរិយាខ្លួនបានផ្ដល់កំណើត នូវទារិកាមួយរូប។ ចាប់ពីពេលប្រសូតមក ឪពុកវ័យក្មេងមិនបានវិលត្រឡប់មកផ្ទះទេ និងបានបដិសេធការទទួលស្គាល់កូនរបស់ខ្លួន ដែលទើបនឹងឃើញពន្លឺថ្ងៃ។

អ្នកនាំពាក្យនគរបាល បានឲ្យដឹងដែរថា ជនសង្ស័យ«Shahzaib Khan» មានបំណងចង់បានកូនដំបូង ជាកូនប្រុស។ ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួន ប៉ុន្តែត្រូវបានអាជ្ញាធរស្រាវជ្រាវ និងចាប់ខ្លួនបានវិញ នៅថ្ងៃព្រហស្បត្តិ៍ទី១០ ខែមីនា ឆ្នាំ២០២២។

ហេតុការណ៍ជុំវិញ​ការផ្ដល់ឥទ្ធិពល ទៅលើកូនប្រុសច្រើនជាងកូនស្រី បានកើតឡើងជារឿយៗ នៅក្នុងប្រទេសប៉ាគីស្ដង់។ កាលពីខែមុន ក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យមួយ បានសង្គ្រោះ​ស្ត្រីមានផ្ទៃពោះមួយរូប បន្ទាប់ពីបានរកឃើញ ដែកគោលមួយត្រូវបានបោះ​ចូលក្នុងក្បាលនាង ដោយគ្រូធ្មប់ម្នាក់ ដើម្បីអ្វីមួយ ដែលគ្រូធ្មប់រូបនោះ អះអាងថា ជាការធានាឲ្យស្ត្រីមានផ្ទៃពោះ នឹងប្រសូតចេញបានកូនប្រុស៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។