អាស៊ី-ប៉ាស៊ីភិក

អាមេរិកដាក់ទណ្ឌកម្ម​លើកូន​ទាំងពីរ របស់មេដឹកនាំ​យោធា​ភូមា

សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម ទៅលើសាច់ឈាមបង្កើត របស់មេដឹកនាំ​យោធា​ភូមា ដែលបានធ្វើ​រដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល​របស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ នេះ បើតាមសេចក្ដីប្រកាស​ព័ត៌មាន របស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១។

លោក «Aung Pyae Sone» និងអ្នកស្រី «Khin Thiri Thet Mon» ដែលជា​កូនប្រុស និងកូនស្រីរបស់លោក «Min Aung Hlaing» អគ្គមេបញ្ជាការកងទ័ពភូមា បានរងដោយផ្ទាល់ នូវទណ្ឌកម្មខាងលើ ជាមួយនឹង​សហគ្រាស-​ក្រុមហ៊ុនចំនួន៦ ដែលពួកគេគ្រប់គ្រង។ លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ខ្លួនឯង បានរង​ទណ្ឌកម្ម​រួចហើយ តាំងពីមុនលោកដឹកនាំធ្វើរដ្ឋប្រហារ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ។

ក្រសួងរតនាគារ បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា៖

«“Aung Pyae Sone” និង “Khin Thiri Thet Mon” មានមុខជំនួញជាច្រើនប្រភេទ ដែលទទួលផលប្រយោជន៍​ដោយផ្ទាល់ ពីឋានៈ​តួនាទី និងឥទ្ធិពលដ៏អាក្រក់ របស់ឪពុកពួកគេ។»

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ថា លោក «Aung Pyae Sone» ដែលជាកូនប្រុស ទទួលបាន​កិច្ចសន្យា​ជួលដី មួយកន្លែង ស្ថិតនៅកណ្ដាល​ក្រុងរ៉ង់ហ្គោន ដែលមានរយៈពេល៣០ឆ្នាំ ដើម្បីធ្វើភោជនីយដ្ឋាន និង​វិចិត្រសាល​​ដ៏ធំសម្បើម ដោយគ្មានគូប្រជែង និងគ្មានការដេញថ្លៃ ខណៈថ្លៃឈ្នួលជួលដី ដែលថោកស្រាប់ ត្រូវបាន​តំឡើង​ជាលក្ខណៈប្រចាំឆ្នាំ ត្រឹមតែ១%ប៉ុណ្ណោះ រហូតមកទល់​នឹងឆ្នាំ២០១៨។

រីឯអ្នកស្រី «Khin Thiri Thet Mon» វិញ ដែលគ្រប់គ្រងផលិតកម្ម «Seventh Sense» បានធ្វើកិច្ចសន្យា​ផ្ដាច់មុខ ជាមួយអ្នកចម្រៀង​ដ៏ល្បីម្នាក់ ដែលបង្ហាញមុខ ​នៅក្នុងការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ «Mytel» បង្កើតឡើង​ដោយឪពុករបស់នាង (លោក «Min Aung Hlaing»)។

ក្រុមហ៊ុន-សហគ្រាស ទាំង៦រួមមាន៖

  • A & M Mahar Company Limited
  • Sky One Construction Company Limited
  • The Yangon Restaurant
  • The Yangon Gallery
  • Everfit Company Limited
  • Seventh Sense Company Limited

ទណ្ឌកម្មដោយផ្ទាល់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមមាន ការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ (រាប់ទាំង​ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន-​សហគ្រាស​ទាំង៦ខាងលើ) និងហាមឃាត់ រាល់ការឆ្លងកាត់ ការផ្ទេរ ឬការជាប់ពាក់ព័ន្ធ ក្នុងប្រព័ន្ធ​ហិរញ្ញវត្ថុសហរដ្ឋអាមេរិក (លោកអ្នក អាចចូល​ទៅពិគ្រោះលំអិត ជុំវិញទណ្ឌកម្មទាំងអស់នេះ នៅលើ​គេហទំព័រ នៃក្រសួងរតនាគារជាតិ នៃសហរដ្ឋអាមេរិក)។

រដ្ឋលេខាធិការ នៃក្រសួងការបរទេស​សហរដ្ឋ​អាមេរិក លោក «Antony Blinken» បានថ្លែងក្នុងសេចក្ដីប្រកាស​ព័ត៌មាន ​ដាច់ដោយឡែក​មួយថា៖

«មេដឹកនាំទាំងអស់ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ និងសមាជិកគ្រប់អាយុ នៃក្រុមគ្រួសាររបស់ពួកគេ (របស់មេដឹកនាំ​យោធា​ភូមា) មិនគួរត្រូវបន្ត​ ទទួលបាន​ផលប្រយោជន៍ ពីរបបដឹកនាំមួយ ដែលកើតចេញ​ដោយសារការប្រើអំពើ​ហិង្សា និងការរឹតបន្តឹង លើលទ្ធិប្រជាធិបតេយ្យ​នោះឡើយ។»

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ កងកម្លាំងប្រដាប់អាវុធភូមា បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃ ដោយប្រើកាំភ្លើង​គ្រាប់ពិត ទៅលើ​ការតវ៉ា​របស់ពលរដ្ឋ ប្រឆាំងនឹង​រដ្ឋប្រហារ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច៥៣នាក់ និង​ការឃាត់ខ្លួន-ឃុំខ្លួន មិនតិចជាង​១៧០០​នាក់។ នេះ បើតាមតួលេខ ផ្ដល់ដោយការិយាល័យ អង្គការ​សហប្រជាជាតិ ប្រចាំនៅក្នុងប្រទេស។

លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ដែលជាអគ្គមេបញ្ជាការ និងមនុស្សជំនិតរបស់លោកម្នាក់ទៀត (អគ្គមេ​បញ្ជាការរង) បានរង​ទណ្ឌកម្ម​ ពី​សហរដ្ឋអាមេរិករួចហើយ រាប់ពីចុង ឆ្នាំ២០១៩មក ជុំវិញតួនាទី និងការជាប់​ពាក់ព័ន្ធ​របស់លោកទាំងពីរ នៅក្នុងអំពើហិង្សា​យ៉ាងរង្គាល ទៅលើបណ្ដាជនជាតិភាគតិច «Rohingya» ដែលកាន់​សាសនា​ឥស្លាម៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។