លោក អង់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវនៅថ្ងៃចន្ទនេះ ឲ្យយោធានៃប្រទេសភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពី៣សប្ដាហ៍មុន ត្រូវ«បញ្ឈប់ជាបន្ទាន់» នូវការបង្ក្រាបទៅលើការតវ៉ាទាំងឡាយ របស់ពលរដ្ឋភូមា។
សេចក្ដីអំពាវនាវរបស់លោក អង់តូនីញ៉ូ ហ្គូតេរេស ធ្វើឡើងតាមរយៈវីដេអូ ដែលត្រូវបានចាក់ផ្សាយ ក្នុងឱកាសនៃការបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការពិភពលោកមួយនេះ។
លោកថ្លែងឡើងថា៖
«ថ្ងៃនេះ ខ្ញុំអំពាវនាវទៅយោធាភូមា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការបង្ក្រាប ដោះលែងបណ្ដាអ្នកជាប់ឃុំ បញ្ឈប់អំពើហិង្សា និងត្រូវគោរពសិទ្ធិមនុស្ស ក៏ដូចជាឆន្ទៈរាស្ត្រ ដែលបានបញ្ចេញសម្លេងរបស់ពួកគេ នៅក្នុងការបោះឆ្នោតថ្មីៗនេះ។»
ការថ្លែងរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ធ្វើឡើងក្នុងពេលតែមួយ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីការបរទេស នៃសហភាពអ៊ឺរ៉ុប «EU» ដើម្បីសំដៅដាក់ទណ្ឌកម្មជាក់លាក់ និងចំទិសដៅ ទៅលើក្រុមមេដឹកនាំយោធាភូមា។
កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមក កងកម្លាំងប្រដាប់ដោយអាវុធ បានបើកការបាញ់រះ ទៅលើហ្វូងបាតុករបណ្ដាលឲ្យបាតុករស្លាប់ យ៉ាងហោចពីរនាក់ និងរបួសច្រើននាក់។
ការបង្ក្រាបនោះ ទទួលបានប្រតិកម្មភ្លាមៗ ពីលោក អង់តូនីញ៉ូ ហ្គូតេរេស ក្នុងយប់ថ្ងៃដដែល (យប់ថ្ងៃសោរ៍ ចូលមកព្រឹកថ្ងៃអាទិត្យ)។ អគ្គលេខាធិការ អ.ស.ប បានបង្ហោះសារនៅលើបណ្ដាញសង្គមទ្វីសធើរ ធ្វើការថ្កោលទោស ចំពោះការប្រើប្រាស់កម្លាំង បង្ក្រាបការតវ៉ារបស់ពលរដ្ឋ ដែលគ្មានអាវុធដូច្នេះថា៖
«ខ្ញុំថ្កោលទោស ការប្រើប្រាស់អំពើហិង្សា ដ៏រង្គាល នៅភូមា។ ការប្រើប្រាស់កម្លាំងបង្ក្រាប ការសម្លុតគម្រាមកំហែង និងការធ្វើទុក្ខបុកម្នេញ ប្រឆាំងនឹងបាតុករអហិង្សា ជារឿងមិនអាចទទួលបានឡើយ។»
លោកបន្តថា៖
«ពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការជួបជុំគ្នា ដោយសន្តិវិធី។ ខ្ញុំអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ត្រូវគោរពលទ្ធផល នៃការបោះឆ្នោត និងត្រូវបង្កើតឲ្យមានឡើងវិញ នូវរដ្ឋាភិបាលស៊ីវិល៕»