មិនមែនជាការរអាក់រអួលធម្មតាទេ តែវាជាបញ្ហា នៃកង់យន្ដហោះខាងមុខ ដែលមិនរលាស់ ចេញពីតួយន្ដហោះទាល់តែសោះ នៅពេលយន្ដហោះហៀបចុះចត។ ទោះជា«ទម្លាក់កង់មុខមិនបាន» ក៏អ្នកបើកបរយន្ដហោះ បានសម្រេច ធ្វើការចុះចតយន្ដហោះរបស់ខ្លួន ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ «Mandalay» ប្រទេសភូមា។
ហេតុការណ៍បានបញ្ចប់ទៅ ដោយគ្មាននរណាម្នាក់ រងរបួសឡើយ ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្ដហោះ ទាំង៨៩នាក់។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលភូមា។
យន្ដហោះប្រភេទ «Embraer-190» ដែលភ្ជាប់ជើងហោះហើរ លេខ «UB-103» នៃក្រុមហ៊ុនអាកាសចរណ៍ «Myanmar Airlines» បានចុះចតនៅវេលាម៉ោង ប្រមាណជា ៩ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩នេះ។
អ្នកទទួលខុសត្រូវ របស់អាកាសចរណ៍ស៊ីវិលមួយរូប បានពន្យល់ថា អ្នកបើកបរយន្ដហោះ បានព្យាយាមជាច្រើនដង ដើម្បីទម្លាក់កោះយន្ដហោះខាងមុខ ចេញពីប្រអប់ក្នុងតួយន្ដហោះ ដោយដំបូងឡើយ ព្យាយាមបញ្ជាតាមប្រព័ន្ធកំព្យូទ័រ និងបន្ទាប់ព្យាយាមធ្វើ ដោយផ្ទាល់ដៃ។
បន្ទាប់ពីដឹងថា កងយន្ដហោះខាងមុខ ទំនងជាជាប់គាំង ដោយសារអ្វីមួយនោះ អ្នកបើកបរយន្ដហោះ បានប្រើទេពកោសល្យរបស់ខ្លួន ដើម្បីចុះចត ដោយប្រើកងយន្ដហោះខាងក្រោយ។
វីដេអូមួយ ដែលអ្នកដំណើរបានថត នៅពេលចុះចតនោះ បានបង្ហាញថា មានផ្សែងហុយចូលក្នុងយន្ដហោះ។ ប៉ុន្តែ មិនមាននរណាម្នាក់រងរបួស ឬមានបញ្ហាព្រោះផ្សែងនេះទេ។
យ៉ាងណា ការស៊ើបអង្កេតមួយ ត្រូវបានប្រកាសបើកធ្វើ ដើម្បីស្វែងរកមូលហេតុពិត នៃបញ្ហាខាងលើ។
នេះជាគ្រោះថ្នាក់យន្ដហោះទីពីរ ក្នុងរយៈពេល តែ១សប្ដាហ៍ប៉ុណ្ណោះ នៅប្រទេសភូមា។ កាលពីថ្ងៃពុធកន្លងមក យន្ដហោះមួយគ្រឿងផ្សេង របស់ក្រុមហ៊ុនអាកាសចរណ៍ «Biman Bangladesh Airlines» បានចុះចតហួសផ្លូវ នៅឯព្រលានយន្ដហោះ នៃក្រុងរ៉ង់ហ្គោន។ ហេតុការណ៍នោះ បានធ្វើឲ្យមនុស្ស១១នាក់ រងរបួស៕