អាស៊ី-ប៉ាស៊ីភិក

អាហ្វហ្គានីស្ដង់៖ ISIS ទទួលស្គាល់​ភេរវកម្ម​៧ដង ក្នុងក្រុង​«ភាគខាងកើត»

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខមកទទួលស្គាល់ ភេរវកម្មបំផ្ទុះគ្រាប់បែក ច្រើនដងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅក្នុងក្រុង «Jalalabad» ភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ដង់។ ​នេះបើតាមភ្នាក់ងារឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាមឈ្មោះ «AMAQ»។

ភ្នាក់ងារឃោសនា របស់អង្គការភេរវនិយម បានអះអាងថា ក្រុមខ្លួនគឺជាអ្នកបំផ្ទុះគ្រាប់បែកបីកន្លែង កាលពីថ្ងៃសៅរ៍ ដើម្បីកម្ទេចរថយន្ដបីគ្រឿង  និងយ៉ាងហោចមួយកន្លែងផ្សេង កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីកម្ទេចរថយន្ដមួយគ្រឿងទៀត របស់ក្រុមតាលីបង់។ ហេតុការណ៍ដ៏រង្គាល កើតឡើងក្នុងក្រុង «Jalalabad» ដែលជាទីរួមខេត្ត នៃខេត្ត«Nangarhâr» និងជាជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ប្រចាំក្នុងតំបន់ ហៅកាត់តាមភាសាអង់គ្លេសថា «ISKP»។

ប្រភពផ្លូវការដែលស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីល្ងាចថ្ងៃសៅរ៍ បានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង១៨នាក់ទៀត បានរងរបួស។ ជុំវិញភេរវកម្មនៅព្រឹកថ្ងៃអាទិត្យវិញ សារព័ត៌មាន​ក្នុងស្រុក​បានរាយការណ៍ថា មនុស្សច្រើននាក់​បានរងរបួស តែមិនបានអះអាងថា មានមនុស្សស្លាប់ទេ។

ក្រុម «ISKP» ដែលជាបច្ចាមិត្តរបស់ក្រុមតាលីបង់ ធ្លាប់បានប្រកាស ទទួលស្គាល់ភេរវកម្មដ៏រង្គាលម្ដងហើយ កាលពីថ្ងៃទី២៦ ខែសីហា នៅឯព្រលានយន្ដហោះនៃរដ្ឋធានី កាប៊ុល។ ភេរវកម្មនៅពេលនោះ បានសម្លាប់មនុស្ស ជាង១០០នាក់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។