យន្ដហោះបញ្ជាពីចំងាយ (Drone) ប្រភេទ «Global Hawk» ផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Northrop Grumman» ត្រូវបាន«បាញ់កម្ទេច» តាំងពីព្រឹកទាបភ្លឺ ក្នុងខេត្ត«Hormozgan» ដែលនៅជាប់សមុទ្រ ភាគខាងត្បូងប្រទេសអៀរ៉ង់។
នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ព ដែលបម្រើឲ្យមនោគមន៍វិជ្ជាអ៊ីស្លាមនិយម ហៅថា«ឆ្មាំបដិវត្តន៍» របស់សារធារណរដ្ឋអ៊ីស្លាម អៀរ៉ង់ ក្នុងព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។
«ឆ្មាំបដិវត្តន៍» បានបញ្ជាក់ទៀតថា យន្ដហោះតូចមួយនេះ ត្រូវបានកម្ទេច ដោយគ្រាប់កាំជ្រួច របស់កងទ័ពការពារដែនអាកាស នៅតាមបណ្ដោយឆ្នេរសមុទ្រ ត្រង់ចំណុចក្បែរភ្នំ «Mobarak» បន្ទាប់ពីវាបានហោះ «រំលោភចូលដែនអាកាស អៀរ៉ង់»។
ព័ត៌មានខាងលើ ត្រូវបានទូរទស្សន៍ក្នុងស្រុក យកមកផ្សាយយ៉ាងគគ្រឹកគគ្រេង ក្នុងព្រឹកថ្ងៃដដែល តែមិនបានបង្ហាញពីស្នាកស្នាម ឬសំណល់តួយន្ដហោះ ដែលត្រូវបានបាញ់កម្ទេចនោះទេ។
ស្រង់សំដីដោយទីភ្នាក់ងារ រយទ័រ អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋាភិបាលអាមេរិកាំង ដែលបដិសេធបង្ហាញអត្តសញ្ញាណ បានអះអាងពីព័ត៌មានខាងលើ ថាបានកើតមាន ពិតប្រាកដមែន។
ហេតុការណ៍នេះ បានកើតឡើង ក្នុងខណៈពេល ដែលទំនាក់ទំនងរវាងប្រទេសអៀរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងសភាពដ៏តានតឹងបំផុត មិនធ្លាប់មានពីមុនមក៕