ក្នុងថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋាភិបាលកុម្មុយនីស្ដិ៍ចិនប៉េកាំង បានប្រកាសថ្កោលទោស«អំពើហិង្សា បង្កឡើងដោយក្រុមបាតុករ» នៅក្រុងហុងកុង ដែលបានជួបជុំគ្នាយ៉ាងសន្ធឹកសន្ធាប់ កាលពីម្សិលម៉ិញ ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក «Geng Shuang» បានថ្លែងថា វាមិនមែនជាបាតុកម្ម ដែលធ្វើឡើងដោយសន្តិវិធីទេ តែជា«អំពើហិង្សា ដែលមានការរៀបចំទុកជាមុន»។ លោកបន្តថា៖
«រដ្ឋាភិបាលចិន (ប៉េកាំង) ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើហិង្សា និងគាំទ្រការឆ្លើយតប ពីសំណាក់អាជ្ញាធរហុងកុង។»
កាលពីថ្ងៃពុធម្សិលម៉ិញ ក្រុងហុងកុងទាំងមូល ត្រូវបានគ្របដណ្ដប់ដោយអំពើហិង្សា ដ៏អាក្រក់ជាងពេលណាៗទាំងអស់ បន្ទាប់ពីអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ បានវិលទៅស្ថិតក្រោមការកាន់កាប់ របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងឆ្នាំ១៩៩៧វិញមក។
ក្រុមបាតុករបានព្យាយាមកាន់កាប់ និងបិទផ្លូវថ្នល់សំខាន់ៗ ខណៈបាតុករខ្លះបានព្យាយាម ចូលទៅក្នុងអាគាររដ្ឋសភាប្រចាំក្រុងហុងកុង។ ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាល រារាំង និងវាយបង្ក្រាប ដោយប្រើដំបងឆក់ ឧស្ម័នបង្ហូទឹកភ្នែក និងគ្រាប់ប៊ូលកៅស៊ូ។
បើតាមតុល្យភាពដែលចេញផ្សាយនៅពេលនេះ ឲ្យដឹងថា មនុស្សចំនួន៧៩នាក់ បានរងរបួស ក្នុងនោះពីរនាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
លោក «Geng Shuang» បានបន្តទៀតថា៖
«គ្មានសង្គមស៊ីវីល័យ និងគោរពច្បាប់ណាមួយ អាចយោគយល់ចំពោះ ការប៉ះពាល់ដល់សន្តិភាព និងភាពសុខសាន្ដនោះឡើយ៕»