អាស៊ី-ប៉ាស៊ីភិក

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ដើម្បីធ្វើការលាងសម្អាត។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង កាលពីប៉ុន្មានថ្ងៃមុនហើយ ថាប្រទេស​ចិន​ទាំងមូល បាន​រកឃើញ​ករណីឆ្លង ជាច្រើននាក់ឡើងវិញ រាប់ទាំងក្នុងក្រុង វូហាន (Wuhan) ដែលជាបេះដូងដំបូង នៃការរាតត្បាតនោះផង។

សម្រាប់ប្រទេសចិន ការរកឃើញជាថ្មីនេះ បង្កក្ដីកង្វល់ អំពីការរាតត្បាត ជាលើកទីពីរ​ទៀត។ ដោយហេតុនេះ ទើបការរកឃើញ ករណីឆ្លងថ្មីចំនួន ៣៤នាក់ នៅក្នុងក្រុង «Shulan» នៃខេត្ត «Jilin» ដែលស្ថិតនៅភាគខាងជើង នៃប្រទេស បានតម្រូវឲ្យអាជ្ញាធរ ចាត់វិធានការ​ បិទក្រុងមួយនេះទាំងស្រុង ជាថ្មីឡើងវិញ។

គេបានដឹងទៀតថា ការឆ្លងរាតត្បាតជាថ្មីនេះ ទំនងជាមានប្រភព ចេញពី​បុគ្គលិកម្នាក់ នៃហាង​​បោកគក់មួយ នៅកណ្ដាលក្រុង «Shulan» ដែលមានប្រជាជនរស់នៅ ប្រមាណ​ជា ៦៧០ ០០០នាក់។

សាលារៀនទាំងអស់ បានបិទទ្វា – រថយន្ដក្រុង និងរថភ្លើង បានផ្អាកដំណើរការ ហើយ​សមាជិក​ម្នាក់ ក្នុងមួយគ្រួសារ ត្រូវបានអនុញ្ញាត និងមានសិទ្ធិ អាចចេញ​ទៅទិញទំនិញ ឬម្ហូបចំណី នៅជារៀងរាល់ ​ពីរថ្ងៃម្ដង។

ករណីឆ្លងសរុប នៅក្នុងខេត្ត «Jilin»ទាំងមូល មានចំនួនត្រឹមតែ ១២៧នាក់ប៉ុណ្ណោះ រាប់តាំង​ពីការរាតត្បាត ដំបូងមក។

ក្រុងធំមួយ នៅក្បែរនោះ គឺក្រុង ​«Shenyang» បានដាក់កំហិត ឲ្យបណ្ដាជនណាក៏ដោយ ដែលធ្វើដំណើរ មកពីខេត្ត «Jilin» ត្រូវនៅដាច់​ដោយឡែក ពីគេឯង ចំនួន២១ថ្ងៃសិន ពោលគឺ៣សប្ដាហ៍ បើធៀបនឹងរយៈពេលទូទៅ ដែលមានត្រឹម​តែ១៤ថ្ងៃ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។