ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានអនុញ្ញាតឱ្យកងកម្លាំងអាជ្ញាធរ ធ្វើការផ្ទុះអាវុធ ដាក់នរណាក៏ដោយ ដែលបង្កការរំខាន ដល់ការចុះអនុវត្តបម្រាម នៃការដាក់ពលរដ្ឋ ឲ្យសំងំនៅក្នុងផ្ទះ ដើម្បីប្រយុទ្ធទល់នឹងជំងឺ «Covid-19»។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃពុធ ទី១ ខែមេសា លោកប្រធានាធិបតី បានអះអាងឡើងថា៖
«ខ្ញុំចេញបញ្ជា ទៅកាន់កងកម្លាំងនគរបាល និងកងទ័ព ក៏ដូចជាទៅកាន់អ្នកទទួលខុសត្រូវ នៅតាមភូមិស្រុកនីមួយៗ ឲ្យធ្វើការផ្ទុះអាវុធ ប្រឆាំងនរណាក៏ដោយ ក្នុងករណីបង្កបញ្ហា ឬជម្លោះទាស់ទែង ដែលធ្វើឲ្យមានគ្រោះ ដល់ជីវិតរបស់អ្នក។»
កំហឹងរបស់ប្រធានាធិបតី បានផ្ទុះឡើង ដោយហេតុថា បន្ទាប់ពីដាក់បម្រាម ឲ្យពលរដ្ឋសំងំ នៅតែក្នុងផ្ទះ អស់រយៈពេល២សប្ដាហ៍មក ចំនួនអ្នកឆ្លងជំងឺ «Covid-19» មិនបានថមថយសោះឡើយ។ ផ្ទុយទៅវិញ កោះហ្វីលីពីនទាំងមូល បានរកឃើញអ្នកឆ្លងជំងឺ រហូតដល់២៣១១នាក់ ខណៈអ្នកជំងឺ៩៦នាក់ បានស្លាប់។
ប៉ុន្តែការធ្វើតេស្តិ៍ ស្វែងរកអ្នកឆ្លងជំងឺ កំពុងត្រូវបានពង្រីក យ៉ាងទូលំទូលាយ នៅលើផ្ទៃប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគ អាចនឹងកើនឡើង ដ៏ច្រើនថែមទៀត។
លោក ឌូតែតេ បន្តថា៖
«ខ្ញុំនឹងបញ្ជូនអ្នកឯង ឲ្យចូលរណ្តៅ ដោយមិនឲ្យអ្នកឯងបង្កបញ្ហាបានឡើយ។»
នៅប៉ុន្មានម៉ោង មុនការថ្លែង របស់លោកប្រធានាធិបតី មនុស្សប្រមាណជា២០នាក់ ត្រូវបានឃាត់ខ្លួន ដោយហេតុថា ពួកគេបានជួបជុំគ្នា ដើម្បីធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលត្រូវបានចោទប្រកាន់ថា មិនបានផ្ដល់ចំណីអាហារ និងការថែរក្សា ផ្នែកសុខភាពគ្រប់គ្រាន់ ទៅឲ្យបណ្ដាពលរដ្ឋទីទ័លក្រ។
ប្រជាជនហ្វីលីពីនជាងពាក់កណ្តាល នៃប្រជាជនសរុប ប្រមាណជា១១០លាននាក់ ត្រូវបានដាក់ឲ្យធ្វើការសំងំខ្លួន នៅតែក្នុងផ្ទះ។ ពីក្នុងចំណោមនោះ ជាច្រើនលាននាក់ សុទ្ធសឹងជាជនទីទ័លក្រ និងគ្មានការងារធ្វើ។
យ៉ាងណា អគ្គស្នងការនគរបាលជាតិ លោក «Archie Gamboa» បានជួយកាត់បន្ថយភាពតានតឹងមកវិញ នៅចំពោះការលើកឡើងខាងលើ របស់លោក រ៉ូឌ្រីចូ ឌូតែតេ។ លោកអគ្គស្នងការ បានអះអាងក្នុងថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងនគរបាល នឹងមិនបាញ់ប្រហារ ទៅលើជនបង្កហេតុ ជាមុននោះទេ។ លោក បន្តថា៖
«លោកប្រធានាធិបតី ប្រហែលជាសង្កត់ធ្ងន់ខ្លាំងបន្តិច ទៅលើការអនុវត្តច្បាប់ នៅក្នុងពេលមានវិបត្តិដូច្នេះ៕»