ថ្នាំវ៉ាក់សាំងរបស់ចិន ពិតជាមាន«ប្រសិទ្ធិភាព និងសុវត្ថិភាព»។ នេះ ជាប្រតិកម្មរបស់រដ្ឋាភិបាលក្រុង ប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការរិះគន់ របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលលើកឡើងកាលពីថ្ងៃព្រហស្បត្តិ៍ អំពី«ភាពស្រពិចស្រពិល»នៃថ្នាំវ៉ាក់សាំងចិន និងហៅការផ្ដល់ជំនួយ ថ្នាំវ៉ាក់សាំងទាំងនេះ ទៅឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ថាជា«ជំនួញការទូត»។
លោក វ៉ាង វេនប៊ីង (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្នុងព្រឹកថ្ងៃសុក្រនេះថា៖
«រដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19)។ ដោយផ្អែកលើការសាកល្បង ក្នុងដំណាក់កាលទី៣ បង្ហាញថា វ៉ាក់សាំងចិន ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព។»
នៅចំពោះសំនួរ អំពីការលើកឡើងរបស់ប្រធានាធិបតីបារាំង មន្ត្រីអ្នកនាំពាក្យបានបញ្ចេញប្រតិកម្មថា៖
«សហគមន៍អន្តរជាតិ គួរណាស់ត្រូវរួបរួមគ្នា ជាជាងប៉ះទង្គិចគ្នា ជុំវិញចំណោទអំពីថ្នាំវ៉ាក់សាំង។»
នៅក្នុងជំនួបប្ដូរយោបល់ ជាមួយក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រអាមេរិក ហៅថា «Atlantic Council» កាលពីថ្ងៃព្រហស្បត្តិ៍ លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលក្រុង ប៉េកាំង បានយកវ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើជា«ជំនួញការទូត» ទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើន ដោយមិនបានផ្តល់ព័ត៌មាន ប្រកបដោយតម្លាភាព ស្តីពីប្រសិទ្ធភាព និងសុវត្ថិភាព របស់ថ្នាំវ៉ាក់សាំងទេ។
ប្រធានាធិបតីបារាំងបញ្ជាក់ថា៖
«នៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង នាពេលខាងមុខ វាស្ទើតែប្រាកដហើយថា បើវ៉ាក់សាំងនេះគ្មានប្រសិទ្ធិភាព និងសុវត្ថិភាពទេ នោះវានឹងបង្កភាពងាយស្រួល នូវការបំប្លែងខ្លួនថ្មីៗ នៃមេរោគកូវីដ១៩ (ដែលកាន់តែពិបាកព្យាបាល) ហើយវាពិតជាមិនអាចដោះស្រាយបញ្ហា នៅក្នុងប្រទេសទាំងនោះបានទេ។»
មកដល់ម៉ោងនេះ រដ្ឋអំណាចចិនបានទទួលស្គាល់ កាលពីចុងខែធ្នូ តែថ្នាំវ៉ាក់សាំងមួយគត់ ដែលផលិតដោយមន្ទីរពិសោធន៍ចិន ឈ្មោះ «SinoPharm»។ មន្ទីរពិសោធន៍នេះ បានលើកឡើង ពីអត្រាប្រសិទ្ធិភាពនៃថ្នាំវ៉ាក់សាំងរបស់ខ្លួន ថាមានចំនួន ៧៩%។
ក្រៅពីវ៉ាក់សាំងខាងលើ ប្រទេសចិននៅមានវ៉ាក់សាំងមួយទៀត ដែលផលិតដោយមន្ទីរពិសោធន៍ «Sinovac»។ ឆ្លងតាមការធ្វើតេស្ត៍ ទៅលើមនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេសជាច្រើន ពិសេសនៅប្រទេសប្រេស៊ីល បានបង្ហាញថា អត្រាប្រសិទ្ធិភាពរបស់វ៉ាក់សាំង «Sinovac» មានត្រឹមតែ «៥០,៣៨%» ប៉ុណ្ណោះ៕