អាស៊ី-ប៉ាស៊ីភិក

ចិនអំពាវនាវឲ្យភូមា កាត់បន្ថយ​អំពើហិង្សា និង​វិលមករក​កិច្ចសន្ទនា

ប្រទេសចិនបានរំពឹងថា ដល់ពេលវេលា ដែលប្រទេសភូមា ត្រូវចាប់ផ្ដើម កាត់បន្ថយ​អំពើហិង្សា និងជាពេលវេលា ដែល​វិលមករក​កិច្ចសន្ទនា។ នេះ បើតាមលោក ហ្សាង ជុង (Zhang Jun) ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការ​សហប្រជាជាតិ ដែលបានបញ្ចេញសំឡេង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយក្នុងថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖

«ជាពេលវេលា ដែលត្រូវធ្វើសកម្មភាពការទូត។ ប្រទេសចិនបានចូលរួម នៅក្នុងកិច្ចចរចា នៅក្រុមប្រឹក្សាសន្តិសុខ ក្នុង​រយៈពេល៦ថ្ងៃ ដែលស្នើឡើង​ដោយចក្រភពអង់គ្លេស ដើម្បីសម្រេចបាននូវសេចក្ដីប្រកាសមួយនេះ ដែលប្រកប​ដោយស្ថាបនា។»

មន្ត្រីទូតចិនដដែល បានបន្តទៀតថា៖

«ជារឿងសំខាន់ណាស់ ដែលសមាជិកនៃក្រុមប្រឹក្សា គួរនិយាយក្នុងសំឡេងតែមួយ។ យើងសង្ឃឹមថា សាររបស់​ក្រុមប្រឹក្សា​សន្ដិសុខ ទំនងជានឹងធ្វើឱ្យប្រសើរឡើង នូវស្ថានភាពនៅក្នុងប្រទេសភូមា។»

«សហគមន៍អន្តរជាតិ គួរតែបង្កើតបរិយាកាសអំណោយផល សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសភូមា ដើម្បីឲ្យ​ពួកគេដោះស្រាយជម្លោះ នៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌនៃច្បាប់៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។