អាស៊ី-ប៉ាស៊ីភិក

ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​ច្រឡំ​តម្លៃ ៦៧០ដុល្លារ ជាជាង​១៦០០០​ដុល្លារ

សំបុត្រយន្ដហោះ ក្នុងចំណាត់ថ្នាក់លេខ១ មានតម្លៃត្រឹមតែ៦៧០ដុល្លារ ជាជាងចំណាយ រហូតដល់ទៅ ១៦ ០០០ដុល្លារ។ គួរឲ្យទាក់ទាញណាស់មែនឬទេ?

មិនមែនព័ត៌មានក្លែងក្លាយទេ តែវាជាតម្លៃសំបុត្រពិតៗ របស់ក្រុមហ៊ុនអាកាសចរណ៍ «Cathay Pacific» ដែលមានស្នាក់ការកណ្ដាល នៅក្រុងហុងកុង ប្រទេសចិន និងដែលត្រូវបានឃើញ ដាក់លក់នៅលើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន ក្នុងយប់ថ្ងៃឆ្លងឆ្នាំ ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឆ្លងមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

សម្រាប់ជើងហោះហើរ ដែលភ្ជាប់ប្រទេសវៀតណាម ទៅកាន់តំបន់មួយចំនួន ក្នុងទ្វីបអាមេរិកខាងជើង សំបុត្រយន្ដហោះ​ទាំងទៅទាំងមក សម្រាប់ចំណាត់ថ្នាក់លេខ១ (Business Class) មានតម្លៃត្រឹមតែ ៦៧០ដុល្លារ ជាជាងតម្លៃ ដែលធ្លាប់លក់ ១៦០០០ដុល្លារ ខណៈសំបុត្រយន្ដហោះ សម្រាប់ចំណាត់ថ្នាក់លេខ២ (ឬហៅថាចំណាត់ថ្នាក់សន្សំសំចៃ – Economic Class) មានតម្លៃរវាងពី ៤០០០ ទៅដល់ ៦០០០ដុល្លារ។

រហូតដល់ពីរថ្ងៃក្រោយមក គឺនៅថ្ងៃពុធទី ២ ខែមករា ឆ្នាំ២០១៩ ទើបក្រុមហ៊ុនរកឃើញថា វាជាការច្រឡំមួយ។ ប៉ុន្តែក្រុមហ៊ុនបានប្រកាស ជាសាធារណៈថា អតិថិជនដែលទិញសំបុត្រទាំងនោះ នៅតែទទួលបានសេវាកម្ម ទៅអង្គុយនៅក្នុងបន្ទប់ សម្រាប់ចំណាត់ថ្នាក់លេខ១ ដោយគ្មានការផ្លាស់ប្ដូរ។

ក្រុមហ៊ុនបានចាត់ទុកថា ជាការអំណោយពិសេសមួយ សម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុមហ៊ុនបានសរសេរអះអាង នៅលើបណ្ដាញសង្គមទ្វីសធើរថា៖

«យើងបានច្រឡំ តាមរយៈកំហុសមួយ តែយើងនៅតែអន្ទះសារ ដើម្បីរង់ចាំស្វាគមន៍អតិថិជនរបស់យើង ជាមួយនឹងសំបុត្រទាំងនេះ។»

មកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងនៅឡើយថា តើសំបុត្រយន្ដហោះ ដែលលក់ដាក់ដោយច្រឡំទាំងនេះ មានចំនួនប៉ុន្មានឡើយ។

យ៉ាងណាសម្រាប់អតិថិជន ជាច្រើននាក់ ដែលបានទិញសំបុត្រខាងលើ បានអះអាងថា ក្រុមហ៊ុន «Cathay Pacific» ចាំបាច់ត្រូវទទួលស្គាល់ពីកំហុស និងទទួលស្គាល់សំបុត្រ ដែលខ្លួនបានលក់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវ«រូបភាព»របស់ក្រុមហ៊ុន នៅក្នុងវិស័យអាកាសចរណ៍ពិភពលោក បន្ទាប់ពីក្រុមហ៊ុន បានរងគ្រោះ នៅក្នុងរឿងអាស្រូវ បែកធ្លាយទិន្នន័យឯកជន របស់អតិថិជនខ្លួន ជិត១០លាននាក់ កាលពីខែតុលា ឆ្នាំកន្លងមក៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។