ញត្តិមួយ ទាក់ទងនឹងករណី ចាប់ពង្រត់សកម្មជននយោបាយថៃ ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង កាលពីមុននេះបន្តិច នៅលើគេហទំព័រ «Change.org» ដើម្បីស្វែងរកហត្ថលេខា ក្នុងបំណងនាំយកញត្តិនេះ ដាក់បញ្ជូនឡើងទៅអង្គការ «UNHCR» របស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយទៀត។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ ដែលកំពុងរស់នៅ និរទេសខ្លួន ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ត្រូវបានចាប់ពង្រត់ ពីខាងមុខអាគារស្នាក់នៅរបស់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនាម្សិលម្ងៃ។ នេះ បើតាមសាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)។
ហេតុការណ៍ចាប់ពង្រត់ បានរងប្រតិកម្មភ្លាមៗ ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ខណៈរដ្ឋាភិបាលកម្ពុជា បានបញ្ចៀសការបើកសំនុំរឿង ដើម្បីស៊ើបអង្កេតពីករណីនេះ ដោយបង្ហាញទំនោរថា ព័ត៌មានខាងលើ ជា«Fake News»។
ញត្តិទាមទារ ដែលសរសេរជាភាសាថៃ បានឲ្យដឹងថា ករណីចាប់ពង្រត់ដូចនេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។ ញត្តិបានបន្តថា៖
«សកម្មជននយោបាយជាច្រើននាក់ ត្រូវបានចាប់ពង្រត់ចេញទៅ ហើយបានបាត់ដំណឹងសូន្យឈឹង ខណៈរដ្ឋាភិបាល និងទីភ្នាក់ងារនានា មិនបានជួយអ្វីទាំងអស់។»
ម្ចាស់ញត្តិ បានបង្ហាញមូលហេតុ នៃការបង្កើតញត្តិនេះឡើង ថាគឺ«ជាមធ្យោបាយបញ្ចេញសម្លេងមួយ» ដើម្បីបង្វែរការយកចិត្តទុកដាក់ ទៅលើ«ភាពអយុត្តិធម៌ ដែលបានកើតឡើង នៅក្នុងសង្គមថៃ ហើយធ្វើការរួមគ្នា ដើម្បីស្តារយុត្តិធម៌ និងសិទ្ធិមនុស្សឡើងវិញ សម្រាប់ជនភៀសខ្លួននយោបាយ ក៏ដូចជាប្រជាជនថៃ នាពេលអនាគត»។
ញត្តិខាងលើ ដែលកំណត់ចំនួនហត្ថលេខា ត្រឹមតែ៥០០នាក់នោះ ទំនងជាមិនពិបាករកអ្នកគាំទ្រឡើយ មុននឹងត្រូវបញ្ជូនឡើង ទៅអង្គការ «UNHCR» និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ញត្តិទទួលបានអ្នកចូលទៅគាំទ្រ ប្រមាណជាង៣០០នាក់ និងត្រូវបានចែករំលែក យ៉ាងសន្ធឹកសន្ធាប់ នៅលើបណ្ដាញសង្គម។
វិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលផ្សាយជាខេមរភាសា បានស្រង់សំដីសាក្សី មករៀបរាប់ពីហេតុការណ៍នេះ ឡើងវិញថា នៅវេលាម៉ោងប្រមាណជាង ៥ល្ងាច លោក វ៉ាន់ឆាឡឺម បានមកទិញស្រាបៀរ បារី និងទឹកដោះគោ ដាក់ស្បោងផ្លាស្ទិក មុននឹងចូលទៅអង្គុយ នៅលើគ្រែតូចមួយ ក្បែរចិញ្ចើមផ្លូវដើម្បីរង់ចាំប្រហិតលក់តាមរទេះ ដែលលោកបានទិញ។
រំពេចនោះ ស្រាប់តែមានរថយន្តពណ៌ខ្មៅ បានបើកមកដល់ ហើយបុរស ៣នាក់ស្លៀកពាក់ស៊ីវិល ពាក់ម៉ាសបិទមុខ បានចេញពីរថយន្ត។ «VOA» បន្តថា លោក វ៉ាន់ឆាឡឺម ត្រូវបានវាយត្រង់កញ្ចឹងក ហើយក្រៀកអូស ចូលរថយន្តខ្មៅនោះ។ លោក វ៉ាន់ឆាឡឺម បានស្រែកជាភាសាខ្មែរថា «ជួយផង ជួយផង» ជាច្រើនដង។
រូបភាពកាម៉េរាសុវត្ថិភាព បានបង្ហាញថា ភ្នាក់ងារសន្តិសុខខ្មែរពីរនាក់ មានបំណងចូលទៅធ្វើអន្តរាគម តែបានអាក់ខានវិញ ដោយទំនងជាខ្លាច ក្រុមជនបិទមុខទាំងនោះ ដែលប្រដាប់ដោយអាវុធ។
លោក វ៉ាន់ឆាឡឺម ជាសកម្មជនប្រជាធិបតេយ្យ ល្បីឈ្មោះម្នាក់ ដែលមានទំនាក់ទំនងជាមួយរណសិរ្សរួបរួម ដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ (The United Front for Democracy Against Dictatorship – UDD) ដែលគេស្គាល់ថា ជាក្រុមអាវក្រហមរបស់ថៃ។ សារព័ត៌មានថៃ បានអះអាងថា លោក វ៉ាន់ឆាឡឺម បានជាប់ឈ្មោះ ក្នុងការស្វែងរកចាប់ខ្លួន ពីសំណាក់តុលាការថៃ តាំងពីឆ្នាំ២០១៨កន្លងមក។
យ៉ាងណាក្ដី យុវជនអាយុ៣៧ឆ្នាំរូបនេះ នៅតែបន្តធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើលោក ប្រាយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃ របស់ប្រទេសថៃ។ វីដេអូចុងក្រោយ របស់លោក វ៉ាន់ឆាឡឺម ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក៏ជាការរិះគន់ ទៅលើអតីតមេទ័ពថៃរូបនេះ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៤នោះដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយភ្លាមៗ នៅក្រោយហេតុការណ៍ ចាប់ពង្រត់ខាងលើ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ ដោយលើកឡើង ពីក្ដីកង្វល់របស់ផងខ្លួន ចំពោះសុវត្ថិភាព របស់សកម្មជននយោបាយរូបនេះ ដែលនៅតែគ្មានដំណឹងរហូតមក។
អង្គការសិទ្ធិមនុស្សខាងលើ បានស្រង់សំដីសហការីម្នាក់ របស់លោក វ៉ាន់ឆាឡឺម ដែលបានទទួលទូរស័ព្ទ ក្នុងពេលមានហេតុការណ៍នោះ មកបញ្ជាក់ថា លោក វ៉ាន់ឆាឡឺម បានស្រែក “មិនអាចដកដង្ហើម” បានទេ មុននឹងទូរស័ព្ទ ត្រូវបានកាត់ផ្ដាច់៕