អាស៊ី-ប៉ាស៊ីភិក

«កោរត្រងោល»ស្ត្រី​ម្ដាយកូន​ពីរនាក់ ព្រោះ​ជំទាស់​ការចាប់​រំលោភ

ស្ត្រីពីរនាក់ ម្ដាយនិងកូន ត្រូវបានចាប់«កោរត្រងោល» និងចាប់ឲ្យដើរ នៅតាមដងផ្លូវ បន្ទាប់ពីពួកនាង បានជំទាស់នឹងការប៉ុនប៉ងចាប់រំលោភ ពីសំណាក់បុរសមួយក្រុម។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសុក្រ។

នគរបាលបន្តទៀតថា បុរសម្នាក់ឈ្មោះ «Mohommad Khurshid» ដែលត្រូវបានគេស្គាល់ មានមុខមានមាត់ នៅក្នុងភូមិមួយ នៃរដ្ឋ «Bihar»  (ភាគខាងកើតឥណ្ឌា) បាននាំគ្នីគ្នាខ្លួន ចូលទាំងកម្រោលទៅក្នុងផ្ទះរបស់ស្ត្រីខាងលើ ហើយបានព្យាយាមចាប់រំលោភ យុវតីវ័យ១៩ឆ្នាំ ដែលទើបនឹងរៀបការ កាលពីពេលថ្មីៗ។

ស្ត្រីជាម្ដាយ ដែលមានស្វាមីជាអ្នកសុំទាន បានរាយការណ៍ ប្រាប់នគរបាលថា នៅពេលយុវតីជាកូន និងរូបខ្លួន បានជំទាស់នឹងទង្វើព្រៃផ្សៃនេះ ពួកនាងត្រូវបានក្រុមបុរសទាំងនោះ ចាប់ទៅឲ្យជាងកាត់សក់ម្នាក់ ដើម្បីកោរសក់ក្បាល ចេញអស់ពីក្បាល និងឲ្យដើរនៅតាមផ្លូវនានា នៅក្នុងភូមិ។

នាយនគរបាលតំបន់មួយរូប លោក «Sanjay Kumar» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្រង់សំដីមកបញ្ជាក់ថា៖

«មកដល់ម៉ោងនេះ ជនសង្ស័យ៦នាក់ នៅក្នុងហេតុការណ៍នេះ ត្រូវបានចាប់ខ្លួន។ ប៉ុន្តែនគរបាល កំពុងបើកប្រតិបត្តិការ តាមចាប់ខ្លួនជនសង្ស័យផ្សេងទៀត ដែលកំពុងរត់គេចខ្លួន បន្ទាប់ពីកើតហេតុនេះរួច។»

មេភូមិ និងជាងកាត់សក់ ក៏ស្ថិតនៅក្នុងចំណោមជន ដែលត្រូវបានឃាត់ខ្លួនដែរ។

សំនុំរឿងនេះ បានបណ្ដាលឲ្យសារព័ត៌មាន​ជាច្រើន ក្នុងប្រទេសឥណ្ឌា ធ្វើរបាយការណ៍ និងផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង ខណៈ អ្នកនយោបាយប្រឆាំង នឹងរដ្ឋាភិបាលនៃរដ្ឋ «Bihar» បានប្រើប្រាស់រឿងនេះ ដើម្បីថ្កោលទោសភាពអសកម្ម របស់ក្រុមអ្នកកាន់អំណាចសព្វថ្ងៃ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: India