ខណៈពេលកំពុងជ្រមុជទឹក ចុះទៅដល់បាតស្ទឹង «Formoso» នៃរដ្ឋ «Mato Grosso» ប្រទេសប្រេស៊ីល ក្រុមអ្នកជ្រមុជទឹក បានប្រទះឃើញ ពស់ថ្លាន់យក្សមួយក្បាល ដែលទំនងជាទើបនឹងស៊ីចំណីរួចហើយ។
ពស់ថ្លាន់មួយនេះ ស្ថិតក្នុងប្រភេទ «Eunectes murinus» ដែលត្រូវបានហៅ នៅក្នុងតំបន់ថា ជា«ពស់ថ្លាន់យក្ស ពណ៌ខៀវ» និងអាចមានបណ្ដោយ រហូតដល់ទៅ៩ម៉ែត្រ (សត្វពស់ នៅក្នុងអត្ថបទ មានប្រវែងបណ្ដោយ ៧ម៉ែត្រ)។
ដោយនាំទៅជាមួយ នូវកាម៉េរ៉ាមួយផង អ្នកជ្រមុជទឹក បានថតយកទិដ្ឋភាព ដ៏គួរឲ្យព្រឺព្រួច ដោយសារសត្វពស់យក្ស បានលៀនអណ្ដាតរបស់វា ចេញមកលិតកាម៉េរ៉ា។ សំនួរសួរថា ហេតុអ្វីក៏ពស់ថ្លាន់មួយនេះ មិនវាយប្រហារ ទៅលើអ្នកជ្រមុជទឹក?
បើតាមសារព័ត៌មានក្នុងស្រុក បានអះអាងថា វាទំនងទើបនឹងស៊ីចំណីរួច ឬវាទំនងជា មិនបានចាត់ទុក អ្នកជ្រមុជទឹក ជាចំណីរបស់វា។ ផ្ទុយទៅវិញ សត្វពស់យក្ស បានចាកចេញ យ៉ាងស្ងប់ស្ងៀម ពីទីកន្លែងនោះ នៅបន្តិចក្រោយមក៕