វីដេអូ ពីនេះពីនោះ

«ជួប ទះ»វិលមកជាថ្មី… តែម្ដង​នេះក្លាយជា«ជួប ក្ដិច»!

បើគេនៅចាំមិនភ្លេចទេ តារា «ជួប ទះ» បានរះព្រោងព្រាត នៅលើបណ្ដាញសង្គម កាលពី​អំឡុងខែមីនា ឆ្នាំ២០១៨ នៅថ្ងៃបើកសវនាការ របស់សាលាឧទ្ធរណ៍ លើសំនុំរឿង​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃនេះ តារា«ជួប ទះ»យើង បានវិលត្រឡប់​វិញហើយ ជាមួយភាពល្បីល្បាញថ្មី គឺ«ជួប ក្ដិច»!

«ជួប ក្ដិច» ដោយហេតុថា តារាដែលធ្លាប់រះ​ចិញ្ចែងចិញ្ចាំងខាងលើ បានវិលមកវិញ ដោយ​បាន​«ក្ដិច»​យុវតីម្នាក់ ក្នុងហេតុការណ៍បណ្ដេញរូបនាង និងគ្នីគ្នា ឲ្យចេញពី​វត្តបទុមវតី រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហាម្សិលមិញ ក្រោយពីពួកនាងព្យាយាម ចូលទៅក្នុង​វត្តនេះ ដើម្បីស្វែងរកដំណឹង អំពីព្រះសង្ឃ៨អង្គ ដែលបានបាត់កាយ តាំងពីមួយថ្ងៃមុន ពីក្នុងវត្តថាន់។

យុវតីដែលរងការក្ដិច កញ្ញា ឈឿន ដារ៉ាវី បានអះអាងពីហេតុការណ៍នេះ ដោយអមមក​ជាមួយ នូវរូបភាពវីដេអូ ផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម និងរូបភាពស្នាមជាំ នៅលើ​សាច់​របស់នាងផង។

ភ្លាមៗ នៅក្រោយប្រតិកម្មរបស់កញ្ញា ឈឿន ដារ៉ាវី តបនឹងការក្ដិចនោះ គេឮសូរសំដី​មន្ត្រីសន្តិសុខ​ម្នាក់ និយាយថា​«សុំទោសៗ» ជាច្រើនដង។

តើតារា«ជួបរួចទះ» ដែលប្រែក្លាយជា«ជួបរួចក្ដិច» ជានរណា? គឺគ្មាននរណាផ្សេង ក្រៅពីលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ឬហៅម្យ៉ាងទៀត ប្រធានសន្តិសុខ របស់ខណ្ឌដូនពេញនោះឡើយ។

ក្នុងហេតុការណ៍​មុខសាលាឧទ្ធរណ៍ កាលពីខែមីនា ឆ្នាំ២០១៨ លោក គឹម វុត្ថា បានប្រើ «សន្ទុះដៃ​មហាកម្លាំង» របស់លោក ទះផាំងទៅលើផែនថ្ពាល់ របស់យុវជនម្នាក់ បន្ទាប់ពី​យុវជនរូបនោះ គូសគំនូស ០+០=៨ នៅលើទ្រូងថ្នល់។ រូបថត និងវីដេអូ ដែលបង្ហាញពី​ហេតុការណ៍​នេះ បង្ហោះ​នៅលើបណ្ដាញសង្គម ត្រូវបានយកទៅបន្ថែមបន្ថយ និងធ្វើការ​ចំអក យ៉ាងសម្បើមដៃ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។