វីដេអូ ពីនេះពីនោះ

ចិនអួតអាងថា រថភ្លើង​ថ្មីមួយនេះ រត់បានលឿន​ជាងគេ ក្នុងពិភពលោក

កាលពីថ្ងៃពុធសប្ដាហ៍មុន ប្រទេសចិនបានដាក់បង្ហាញ នូវរថភ្លើងប្រភេទថ្មីមួយ ដែលត្រូវបានអះអាងថា ជារថភ្លើងដែល​«រត់បានលឿន​ជាងគេ» នៅក្នុងពិភពលោក។ ការដាក់តាំងបង្ហាញនេះ ធ្វើឡើងក្នុងក្រុង «Chengdu» នៃខេត្ត «Sichuan» ភាគកណ្ដាលប្រទេស។

ទូរទស្សន៍រដ្ឋ (ផ្លូវការ) របស់ប្រទេសចិន បានផ្សាយឲ្យដឹងថា រថភ្លើងដែលមានឈ្មោះ «Super Bullet Maglev Train» អាចរត់បាន​ក្នុងល្បឿនដ៏លឿន រហូតដល់៦២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយនឹងត្រូវដាក់ឲ្យដំណើរការ រវាងពី៣ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។

ប្រព័ន្ធផ្សព្វផ្សាយដដែល បានលើកឡើងថា រថភ្លើងប្រភេទថ្មីនេះ នឹងមិនរត់នៅលើផ្លូវដែក ដូចរថភ្លើងជំនាន់ចាស់ទេ តែរត់នៅលើប្រព័ន្ធ​ម៉ាញ៉េទិកថ្មី ដែលភាសាអង់គ្លេសហៅថា «High temperature superconducting magnetic levitation train»។

គេគ្រាន់តែរង់ចាំមើល ថាតើរថភ្លើងប្រភេទថ្មីនេះ នឹងផ្ដល់គុណសម្បត្តិ ឬគុណវិបត្តិបែបណា នៅពេលវា​ត្រូវបានដាក់​ឲ្យដំណើរការ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: ChinaTGV