រូបភាពរបស់នាង «Anastasiia Lenna» អតីតបវរកញ្ញាអ៊ុយក្រែន ដែលដៃកាន់កាំភ្លើង បានបង្កឲ្យមានការកោតសរសើរនាង មិនស្ទើរទេ ចំពោះអ្វីមួយ ដែលក្រុមអ្នកគាំទ្រនាង ហៅថា ជាទង្វើស្នេហាជាតិរបស់កុលធីតាមួយរូប នៅចំពោះការឈ្លានពានប្រទេសនាង ពីសំណាក់កងទ័ពរ៉ុស្ស៊ី។
រូបភាពនោះ ត្រូវបានអតីតបវរកញ្ញា អាយុ៣១ឆ្នាំ បង្ហោះនៅលើទំព័រអ៊ិនស្ដាហ្គ្រាមរបស់នាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺនៅថ្ងៃទី១ នៃសង្គ្រាមឈ្លានពាន និងប៉ុន្មានម៉ោងក្រោយការសម្រេច របស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។ បណ្ដាអ្នកគាំទ្រទាំងឡាយ បានគិតថា រូបនាងទំនងជា បានចូលរួមប្រយុទ្ធ ជាមួយនឹងកងទ័ពរបស់ប្រទេសនាង ជាក់ជាមិនខាន។
តែមិនដូច្នេះទេ ! នៅយប់ថ្ងៃ២៨ ខែកុម្ភៈ នាង«Anastasiia Lenna» ដែលបានពាក់ម្កុដ ជារាជនីសម្ផស្សអ៊ុយក្រែន នៅឆ្នាំ២០១៥ បានចេញមុខមកបកស្រាយថា នាងមិនបានចូលរួម នៅក្នុងការប្រយុទ្ធ ជាមួយកងទ័ពអ៊ុយក្រែនទេ តែការស្លៀកពាក់ដៃកាន់កាំភ្លើង រួចបង្ហោះនៅលើបណ្ដាញសង្គម គឺជាការផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជនទាំងឡាយ ខណៈកាំភ្លើងដែលនាងកាន់ គ្រាន់តែកាំភ្លើងជ័រមួយប៉ុណ្ណោះ។
តាមរយៈទំព័រអ៊ិនស្ដាហ្គ្រាមផ្លូវការដដែល អតីតបវរកញ្ញាអ៊ុយក្រែន បានសរសេរឲ្យដឹងថា៖
«ខ្ញុំមិនមែនទាហានទេ។ តែខ្ញុំគ្រាន់តែជាស្ត្រីម្នាក់ ជាមនុស្សសាមញ្ញម្នាក់ ដូចមនុស្សដទៃទៀត នៅក្នុងប្រទេសខ្ញុំ។ គ្រប់រូបថតទាំងអស់ នៅលើទំព័ររបស់ខ្ញុំ មានបំណងដើម្បីផ្ដល់ជាគំនិត និងទឹកចិត្ត ទៅដល់បណ្ដាជន។ ខ្ញុំមិនបានធ្វើការឃោសនាទេ។ ហើយខ្ញុំមានបំណង ចង់បង្ហាញថាស្ត្រីអ៊ុយក្រែនទាំងអស់ មានស្មារតីរឹងប៉ឹង និងប្រាកដក្នុងចិត្តណាស់៕»