នាទី«ជ័យនាងគ្រត»

ព័ត៌មានអាជ័យ៖ «Fake News» ពាក្យ​ដែល​ត្រូវប្រើ បន្ទាប់ពី «បដិវត្តពណ៍»

«Fake News» និង «បដិវត្តពណ៍»៖ ថ្ងៃនេះ ត្មាត (អាត្មា) បានជួបសម្ភាសន៍ ជាមួយ​ឯកឧត្តម​សមមិត្ត បណ្ឌិត ដឿង រឹង ទីប្រឹក្សាទទួលបន្ទុក ខាងប្រតិកម្មរហ័ស ដើម្បីសុំ​ការពន្យល់ លើពាក្យដ៏ពេញនិយមមួយ ដែលតែងត្រូវបានក្រុមមន្ត្រីផ្លូវការ របស់សម្តេច​នាយក យកមកអះអាង ដើម្បីបដិសេធ​ករណី​រសើប​ណាមួយ ក្នុងឆ្នាំ២០២០នេះ។

ពាក្យនោះ គឺ«Fake News» ដែលជារឿយៗ ត្រូវបានបន្លឺចេញពីមាត់ របស់ក្រុម​មន្ត្រី​ទាំង​នោះ ទាំងបើពួកគេ មិនបានស្រាវជ្រាវ ឬប្រមូលបានព័ត៌មាន ច្បាស់លាស់ គ្រប់គ្រាន់​ក៏ដោយ។

ឆ្លើយតបនឹងការសាកសួរ របស់ត្មាត ឯកឧត្តមសមមិត្ត បណ្ឌិត ដឿង រឹង បានធ្វើ​សុន្ទរកថា​ខ្លី ឲ្យដឹងពី​គោលការណ៍មួយ នៅក្នុងជួរបក្ស និងរដ្ឋប្រជាជន បដិវត្តន៍កម្ពុជា។ នោះ គឺ​មិនត្រូវ​ដឹងរឿង ច្រើនជាងសម្ដេចឡើយ។

ឯកឧត្តមសមមិត្ត បណ្ឌិត បានរៀបរាប់ ជាដំបូងឡើងថា៖

«បើអន្ទិតជ័យឯង សាកល្បងសួរពីរឿងព្រំដែន កាប់ព្រៃឈើ អំពើពុករលួយ ការបំផ្លាញ​បរិស្ថាន ជំងឺ​រាតត្បាត​កូវិដ១៩ ។ល។ ពីមុនខ្ញុំនឹងឆ្លើយភ្លាម ថាជាសំនួរ​របស់ក្រុម​ចង់ធ្វើ​”បដិវត្តពណ៍” ព្រោះកាលនោះ វាមានគណបក្សប្រឆាំង។ តែឥឡូវ ខ្ញុំនឹងឆ្លើយភ្លាមថា សំនួរទាំងនេះ ជាការលើកឡើង ពី”Fake News”! ហើយបើខ្ញុំថា​”Fake News”​ហើយ ត្រូវ​ចប់​ត្រឹមតែប៉ុណ្ណឹង ហាមសួរទៀត។ បើនៅបន្តសួរទៀត នឹង​ក្លាយជា​បទ​ញុះញង់ ឬ​បរិហារកេរ្តិ៍។»

«ហេតុអ្វី?» ត្មាតសួររន្ថើន។

«ព្រោះជាផ្លូវការ ខ្ញុំគ្មានរឿង ឲ្យអន្ទិតឯងដឹងទេ។»

ឯកឧត្តមសមមិត្ត បណ្ឌិត ដឿង រឹង បានពន្យល់មួយៗ ឲ្យដឹង​បន្តថា តាមពិតទៅ មិនមែន​ឯកឧត្តម​សមមិត្ត បណ្ឌិត មិនដឹងអ្វីសោះទេ តែជាគោលការណ៍ ត្រូវតែធ្វើ​មិនដឹង ឬបើសិនជាដឹង ក៏ត្រូវដឹងរឿង ឲ្យតិចជាងសម្ដេច។

«ជាគោលការណ៍ បើសម្ដេចបញ្ជាមក ឲ្យធ្វើដឹង នោះទើបខ្ញុំ ដឿង រឹង អាចដឹងរឿងបាន។ ឬបើមិនអញ្ចឹងទេ តើមានរឿងឯណា ទុកឲ្យសម្ដេចនិយាយ បានរាប់ម៉ោង ក្នុងពេល​សំណេះសំណាល ម្ដងៗនោះ?»

«អញ្ចឹងបើតាមគោលការណ៍នោះ តើឯកឧត្ដមអាចដឹងរឿងអ្វីខ្លះ?»

«Fake News !»

«ចុះរឿង ដែលឯកឧត្ដមមិនដឹង?»

«Fake News ! កុំសួរទៀត។ បើបន្តសួរ ម៉េច… អន្ទិតឯង ចង់ញុះញង់ឬ?»

ជ័យនាងគ្រត

នាទី «ព័ត៌មានជ័យនាងគ្រត» ជាសម្លេងចំអករបស់ពលរដ្ឋ។ នាទីនេះប្រមូល គ្រប់កន្លុកកន្លៀតកៀនកោះ ឬគ្រប់មហាអូមអាមទាំងឡាយ... ទោះតាមរយៈអ្នកសារព័ត៌មាន ឬតាមរយៈការផ្ដល់ព័ត៌មាន របស់ប្រិយមិត្តក្ដី ហើយយកមកផ្សាយ ជូនមហាជនវិញ។